ពេញមួយឆ្នាំ២០១៩ខាងមុខនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់រាជធានីខេត្ត ក្រុងស្រុកខណ្ឌ និងឃុំសង្កាត់ នឹងទទួលបានថវិកាសម្រាប់បែងចែកជារួមជាង២លានលានរៀល ឬប្រមាណ៥៩៥លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច ផ្សព្វផ្សាយក្នុងសិក្ខា​សាលាពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

បើតាមរបាយការណ៍ ថវិកាទាំង៥៩៥លានដុល្លារអាមេរិកនេះ មាន៥៥១លានដុល្លារអាមេរិក ជាថវិការដ្ឋ និងប្រមាណ៤៤លានដុល្លារអាមេរិកទៀតជាថវិកាដែលនឹងបានមកពីដៃគូអភិវឌ្ឍន៍នានា។ យ៉ាងណាក៏ដោយចំនួនថវិកាឆ្នាំ២០១៩នេះ បើប្រៀបធៀបនឹងឆ្នាំ២០១៨ គឺវាបានកើនឡើងរហូតដល់ទៅ១២៧លានដុល្លាអាមេរិក។

តើមានអ្វីនៅពីក្រោយកំណើនថវិកាទំលាក់ឲ្យរដ្ឋបាលថ្នាក់ក្រុមជាតិនេះ របាយការណ៍ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ច្បាស់ៗថាកំណើននេះ ត្រូវបានបង្កើនដោយផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ ហើយថាកំណើននេះ ក៏ដើម្បីបង្កើនអត្រាចូលរួមរបស់ថវិការដ្ឋទៅក្នុងមូលនិធិឃុំសង្កាត់ និងមូលនិធិក្រុងស្រុកបន្ថែមទៀដែរ៕