លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Jaing Feng Zhang នាយកផ្នែកកសិកម្ម និងបរិស្ថាននៃអាស៊ីបូព៌ារបស់ធនាគារអភិវឌ្ឍអាស៊ី ADB បានជួបពិភាក្សាការងារជាមួយគ្នាដើម្បីស្វែងរកមូលដ្ឋានការកសាងផែនការអភិវឌ្ឍវិស័យកសិកម្ម និងជនបក​ម្ពុ​ជា​ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០។

បើតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក វេង សាខុន ចេញផ្សាយកាលពីថ្ងៃម្សិលមិញ ចំណុចទាំង៨ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានោះរួមមាន។

១ ការធ្វើការអភិវឌ្ឍវិស័យកសិកម្ម និងសន្តិសុខស្បៀង នៅកម្ពុជាប្រកបដោយបរិយាប័ន ដោយស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់ទីបួន របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

២ ការអភិវឌ្ឍវិស័យកសិកម្ម ត្រូវធ្វើឡើង ទៅតាមលទ្ធភាព និងសក្តានុភាពនៃគុណភាពដី និងទឹក ហើយនិងប្រភេទដំណាំរួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ឲ្យបានប្រាកដប្រជា គ្រប់គ្រាន់បម្រើដល់ការផលិត។

៣ ការកសាងភាពជាដៃគូរវាងវិស័យឯកជន ជាមួយកសិករ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា។

៤ ការធ្វើទំនើបកម្មកសិកម្ម តាមរយៈការបញ្ចូលនូវបច្ចេកវិទ្យាថ្មីនៃការដាំដុះ ការគ្រប់គ្រងដំណាំ និងការធ្វើយន្តូបនីយកម្មកសិកម្ម ។

៥  វិធានទប់ស្កាត់នូវសត្វចង្រៃ និងជម្អឺឆ្លង ឆ្លងដែន ទាំងរុក្ខាជាតិ និងសត្វ។

៦ ការគាំទ្រដល់ការស្រាវជ្រាវេពូជស្រូវ និងដំណាំ ការបន្សុតពូជ និងការគ្រប់គ្រង ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

៧ ការជួយកសាងប្រព័ន្ធព័ត៌មានទីផ្សារជូនដល់កសិករ និងពាណិជ្ជករ ហើយនិងការកសាងឃ្លាំងផ្ទុកកសិផលមុនបញ្ចេញទៅកាន់ទីផ្សារនៅតាមសហគមន៍ដាំបន្លែ និងផ្លែឈើ។

៨ ធ្វើការសិក្សាពីលទ្ធភាពនៃការបង្កើនភាពទាក់ទាញ ពីវិស័យឯកជនក្នុងការបង្កើនការបោះទុនវិនិយោគលើការកែឆ្នៃផលិតផលកសិកម្មនៅកម្ពុជា ជាមួយនឹងបទពិសោធន៍ពីរប្រទេសនៅក្នុងតំបន់ជាពិសេសប្រទេសជិតខាងកម្ពុជា៕