ប្រជាពលរដ្ឋ ស្នើ​ឲ្យរដ្ឋាភិបាល​​ប្រញាប់​អនុម័ត​ច្បាប់​ស្ដីពី​សុវត្ថិភាព​ចំណីអាហារ​ ហើយ​ត្រូវ​អនុវត្ដច្បាប់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ដើម្បី​សុខុមាលភាព​ពលរដ្ឋ​ នៅ​គ្រា​ដែលមន្ដ្រី​អន្ដរ​ក្រសួង​ កំពុង​ពិភាក្សា​លម្អិត​​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សុវត្ថិភាព​ចំណីអាហារ។

លោក សុខ វិសាល ពលរដ្ឋ​រស់នៅ​សង្កាត់​ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ គាំទ្រ​ឲ្យ​មាន​ច្បាប់​ស្ដីពី​សុវត្ថិភាព​ចំណីអាហារ​ ព្រោះលោកយល់​ថា​ បន្លែ​ ត្រី​ សាច់​ និង​ម្ហូប​អាហារ​​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​​ដែល​បង្ករ​ឲ្យ​កើត​ជា​ជំងឺ​​កាចសាហាវ​ដូចជា​​ទឹកនោមផ្អែម​ និង​មហារីក​ជាដើម។

ប្រធាន​ក្រុមការងារ​​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សុវត្ថិភាព​ចំណីអាហារ​លោកលោកស្រី តឹក​ រ៉េត​សំរ៉ង​ បានលើកឡើងថា រយៈ​ពេល​ជាង​១​ឆ្នាំ​​ ​អន្ដរ​ក្រសួង​​​បាន​​ចេញ​សេចក្ដីព្រាង​ និង​ពិភាក្សា​លម្អិត​ដល់​ជំពូក​ទី២​ លើ​​សេចក្ដី​ព្រាងទាំង​មូល​ចំនួន១១​ជំពូក។ ជាមួយគ្នានេះ ​រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម​រូបនេះ បន្ថែមថា​ ច្បាប់​ស្ដី​ពី​សុវត្ថិភាព​ចំណីអាហារ​ដែល​ទើប​តាក់តែង​ឡើង​បន្ថែម​លើ​ប្រកាស​អន្ដរក្រសួង​ស្ដីពី​តួនាទី​ និង​ភារកិច្ច​របស់​ក្រសួង​នីមួយៗ​​ដើម្បី​ធានា​សុត្ថិភាព​ចំណីអាហារ​កន្លង​ទៅ​នេះ​ គឺធ្វើ​ក្នុង​ទិសដៅធានា​សុវត្ថិភាព​ចំណីអាហារ​ និង​លើក​កម្ពស់​សុខុ​មា​​លភាព​ពលរដ្ឋ​។​ ដូច្នេះ​ហើយ ​ទើប​​ក្រុម​ការងារ​អន្ដរក្រសួង​ ​ត្រូវ​ការ​ពេលវេលា​សមស្រប​ ដើម្បី​ពិភាក្សា​លម្អិត​​ទាំង​បច្ចេក​ទេស​ និងបទដ្ឋាន​ច្បាប់៕