ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រាប់ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសKing Man ​ ដែលបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព។ ការប្រកាសរបស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីឃើញឱសថប្រភេទនេះ ត្រូវបានបង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក។

ឱសថបំប៉នផ្លូវភេទបុរសនេះ ជាផលិតផលអាមេរិក ដែលត្រូវបានឈ្មួញនាំចូលកម្ពុជា ដោយមិនបានចុះបញ្ជិការ និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងសុខាភិបាលឡើយ។ ក្រសួង ស្នើឲ្យពលរដ្ឋកុំចាញ់បោក តាមការឃោសនារបស់អ្នកលក់​នៅលើហ្វេសប៊ុក អំពីផលិតផល King Man ដែលពួកគេបានអះអាងថា ​បានបង្កើតថាមពលផ្លូវភេទបុរស ជួយសម្រួលក្រពេញប្រូស្តាត និងព្យាបាលជំងឺតំរង់នោម-ទឹកនោមផ្អែម-ប្រៃ លើសឈាមជាដើម។ បើតាមក្រសួងសុខាភិបាល អ្នកលក់ផលិតផលទាំងនេះ បានផ្សព្វផ្សាយព័ត៌មានអ្វី ដែលលើសពីការពិតប៉ុណ្ណោះ។

ដើម្បីកុំឲ្យពលរដ្ឋរងគ្រោះ ដោយសារផលិតនេះ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា៖« ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ King Man អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់ជីវិត(គាំងបេះដូង)»។

បន្ថែមពីនេះ ក្រសួងសុខាភិបាល ហាមអ្នកនាំចូលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ King Man​​ ត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់ ឬ​ចែកចាយ ឱសថទាំងនេះជាបន្ទាន់។ បើមិនដូច្នេះទេ ក្រសួងនឹងមានវិធានការទៅតាមផ្លូវច្បាប់ ស្ដីពីវិសោធនកម្ម ច្បាប់ការគ្រប់គ្រងឱសថជាធរមាន។ ដោយឡែកប្រជាពលរដ្ឋដែលប្រទះឃើញអ្នកលក់ ឬចែកចាយឱសថខាងលើនេះ ប្រញាប់ផ្ដល់ព័ត៌មាន ទៅនាយកដ្ឋា​នឱសថ ចំណីអាហារ បរិក្ខាពេទ្យនិងគ្រឿងសំអាង ដើម្បីឲ្យមន្រ្តីជំនាញចាត់វិធានការតាមផ្លូវច្បាប់។

លេខទូរសព្ទ៖ ០១២ ៥៧៤​​ ៨៧៨, ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩៕