សមាគមចម្ការកៅស៊ូវៀតណាម ដែលមានចម្ការកៅស៊ូរាប់ម៉ឺនហិកតានៅកម្ពុជា កំពុងជ្រើសរើសកម្មករខ្មែរចំនួនជាង១សែន៥ ពាន់នាក់ ដើម្បីបម្រើការងារ។​ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ កាលពីថ្ងៃទី ១៨ ខែ​ មីនា។

លោក ឡេង ឫទ្ធី ប្រធានសមាគមចំការកៅស៊ូវៀតណាមប្រចាំកម្ពុជា បានលើកឡើងថា បច្ចុប្បន្នសមាគម មានចម្ការកៅស៊ូប្រមាណជាង ២ម៉ឺនហិកតា នៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មជាង១សែន៥ពាន់នាក់ នៅឆ្នាំ២០២០-២០២១ ហើយសម្រាប់ការងារបន្ទាន់ក្រុមហ៊ុនត្រូវការកម្លាំងពលកម្មភ្លាមៗប្រមាណ ៩០០០នាក់។ កម្មករក្នុងចម្ការកៅស៊ូ ទទួលបានប្រាក់ឈ្នួលទាបបំផុត ៨០ម៉ឺនរៀល និងអ្នកជៀជ័រអាចរកចំណូលបានចាប់ពី ១លានរៀល ទៅ ១លាន៥សែនរៀល។

ស្របពេលពលរដ្ឋមួយចំនួនកំពុងបាត់បង់ការងារ ដោយសារការបិទរោងចក្រសហគ្រាស ដែលបណ្ដាលមកពីជំងឺឆ្លងកូវីដ ១៩ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារថ្លែងថា « វិនិយោគិនវៀតណាម នៅតែបន្តការបណ្តាក់ទុន និងផ្តល់ឱកាសការងារជូនបងប្អូនកម្មករនិយោជិតកម្ពុជា បើទោះជាប្រទេសយើងទាំងពីរកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ »។

បច្ចុប្បន្នកម្ពុជាមានកម្លាំងពលកម្មសរុបទាំងអស់ ១០លាននាក់ ក្នុងនោះវិស័យកសិកម្មមាន ៤លាននាក់ វិស័យឧស្សាហកម្ម និងសិប្បកម្មមាន ១.៥លាននាក់ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ២.៤លាននាក់ ពលករទៅធ្វើការនៅក្រៅប្រទេសមានជាង ១.២លាននាក់ និងមន្ត្រីរាជការមាន ៥សែននាក់៕