ការសិក្សាបានរកឃើញថា ការប្រើប្រាស់អេក្រង់ទូរស័ព្ទយូរ បណ្តាលឱ្យមានបញ្ហាអាកប្បកិរិយាចំពោះកុមារ។ កុមារដែលចំណាយពេលលើសពី៤ម៉ោង លើការចុចនិងសម្លឹងមើលអេក្រង់ទូរស័ព្ទ ឬមើលទូរទស្សន៍ជាដើម គឺធ្វើពួកគេ ឆាប់ចង់ឈ្លោះប្រកែកគ្នា ខ្វះការចង់ដឹងចង់ឃើញ មិនសូវមានភាពរួសរាយរាក់ទាក់ និង​ការ​ថប់​បារម្​ភកើនឡើង។

ឧទាហរណ៍៖ ក្មេងជំទង់ដែលចំណាយពេលច្រើនជាង៧ម៉ោងក្នុងមួយថ្ងៃលើទូរស័ព្ទ ឬមើលទូរទស្សន៍ ងាយ​នឹង​ទទួលរងពីជំងឺធ្លាក់ទឹកចិត្ត និងជំងឺទាក់ទងនឹងការថប់បារម្ភ ជាងអ្នកដែលចំណាយពេលត្រឹមតែមួយម៉ោង។

សិក្សារបស់អ្នកស្រាវជ្រាវបានណែនាំឱ្យឪពុកម្តាយ គួរតែកំណត់ពេលវេលាសម្រាប់កូនអាយុក្រោម៥ឆ្នាំ គឺកុំឱ្យ​ពួក​គេចុចឬមើលទូរស័ព្ទលើសរយៈពេល១ម៉ោងក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្ននេះ គេរកឃើញថា កុមារមត្តេយ្យ​កំពុង​ចំណាយពេលជាមធ្យមជិត២ម៉ោងកន្លះនៅមុខអេក្រង់ទូរស័ព្ទ។

សម្រាប់កុមារនិងក្មេងជំទង់ដែលមានអាយុចូលរៀន គួរតែមានកំណត់ពេលត្រឹម២ម៉ោងក្នុងមួយថ្ងៃ ខណៈ​ជា​មធ្យមកុមារអាយុពី១៤ឆ្នាំទៅ១៧ឆ្នាំ កំពុងចំណាយពេលជិត៥ម៉ោងក្នុងមួយថ្ងៃលើឧបករណ៍អេឡិចត្រូនិចនេះ។

ការសិក្សាមួយដោយសហរដ្ឋអាមេរិកចេញផ្សាយកាលពីឆ្នាំ២០១៧បានរកឃើញថា កុមារ​ឬ​ក្មេង​ជំទង់​ដែល​ញៀន​នឹងការចុចលេងទូរស័ព្ទ គឺធ្វើឱ្យខួរក្បាលរបស់ពួកគាត់បានបាត់បង់ភាពលំនឹង ប៉ះពាល់ដល់ផ្លូវអារម្មណ៍ និង​ការទំនាក់ទំនងក្នុងសង្គមជាដើម៕