ជារោគសញ្ញាគ្រោះថ្នាក់ចំពោះទារក ដែលទាមទារការសង្គ្រោះបន្ទាន់ដោយប្រសិទ្ធិភាព និងត្រូវស្រាវជ្រាវរកមូលហេតុចម្បង ដើម្បីជៀសវាងការផ្តល់ផលវិបាកដល់ខួរក្បាល ឬរហូតប៉ះពាល់ដល់អាយុជីវិតទារក។ ការស្រាវជ្រាវប្រវត្តិម្តាយ ស្ថានភាពពេលកំពុងសម្រាល និងប្រវត្តិទារកក្នុងផ្ទៃអាចអោយយើងដឹងពីមូលហេតុ ដើម្បីឈានទៅរកការព្យាបាលដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។

ក) រោគវិនិច្ឆ័យ៖
រោគវិនិច្ឆ័យ នៃវិបត្តិផ្លូវដង្ហើមទារក ស្ថិតនៅលើចំណុចសំខាន់ៗ ជាច្រើនដូចជាៈ
– ពណ៏សម្បុរស្វាយ
– សង្វាក់ដង្ហើមញាប់ខ្លាំង
– ចុងដង្ហើម និងចន្លោះឆ្អឹងជំនីផតជ្រៅ
– ទារកថ្ងូរ
ក្រៅពីនោះ ទារកអាចមានសញ្ញាផ្សេងទៀតដូចជាៈ
– ទ្រូងប៉ោងមួយចំហៀង
– ចង្វាក់ជីពចរថយចុះ
– សំពាធឈាមទារកថយចុះ
– រយៈពេលត្រលប់មកវិញនៃពណ៍សម្បុរធម្មតាយូរលើសពី ៣វិនាទី (Capillary refill time > 3s)

ខ) មូលហេតុ និងការព្យាបាល៖
មូលហេតុចម្បងនៃវិបត្តិផ្លូវដង្ហើមទារកមានៈ
១. Transient tachypnea of the newborn: ជាវិបត្តិផ្លូវដង្ហើមរយៈពេលខ្លី កើតឡើងដោយសារការនៅសេសសល់ទឹកសួត ក្រោយពីសម្រាលរួច ដែលភាគច្រើនសម្រាលដោយការវះកាត់ ដោយគ្មានសញ្ញាឈឺពោះសម្រាល។ ករណីនេះជាទូទៅបើធ្វើការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវវាអាចបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។
២. Hyaline membrane disease: ជំងឺម៉មប្រាន អ៊ីយ៉ាលីន ជាជំងឺសួតធ្ងន់ធ្ងរដែលច្រើនកើតលើទារកមិនគ្រប់ខែ ដោយសារកង្វះសារធាតុ Surfactant ដែលបណ្តាលអោយកូនថង់សួតស្អិតខ្លាំង (alveolar)។ ការព្យាបាលតម្រូវអោយចាក់ថ្នាំ Exogenous surfactant និងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមសិប្បនិម្មិត។
៣. Meconium aspiration syndrome: ជាជំងឺឈ្លក់ទឹកព្រៃមិនល្អ ដែលបណ្តាលអោយខូចសាច់សួតធ្ងន់ធ្ងរ។ ការព្យាបាលដោយបូមយកទឹកព្រៃពីក្នុងទងសួត និងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមសិប្បនិម្មិត។
៤. Neonatal infection: ជាជំងឺបង្កដោយមេរោគ ជាទូទៅមានបីប្រភេទដូចជា Escherichia coli, Streptococcus B និង Listeria។ ការព្យាបាលដោយថ្នាំផ្សះ (Antibiotic) ដើម្បីសំលាប់មេរោគ និងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមសិប្បនិម្មិតក្នុងករណីចាំបាច់។
៥. Persistent pulmonary hypertension: ជាជំងឺលើសសម្ពាធឈាម អាកទែរក្នុងសួត ដែលបណ្តាលមកពីមូលហេតុផ្សេងៗជាច្រើន។ ក្នុងករណីនេះយើងត្រូវព្យាបាលភ្លាមៗ ដោយប្រើឧបករណ៍ជំនួយដង្ហើម ថ្នាំ Sidenafil ឬឧស្ម័នម៉ូណូអុកស៊ីតអាសូត NO ។
៦. Pneumothorax: ជាជំងឺធ្លាយស្រោមសួត ដែលអាចបណ្តាលអោយទារកស្លាប់ភ្លាមៗ។ ការចោះទ្រូងដើម្បីបង្ហូរខ្យល់ចេញពីស្រោមសួត និងឧបករណ៍ជំនួយដង្ហើមជាមធ្យោបាយព្យាបាលតែមួយគត់ដើម្បីសង្គ្រោះជីវិតទារក។
៧. Diaphragmatic hernia: ជាជំងឺក្លនលូនដោយសរីរាង្គរបស់ពោះ លូនចូលទៅក្នុងទ្រូង ហើយសង្កត់ទៅលើសួត និងបេះដូង។ ជំងឺនេះទាមទារអោយមានវត្តមានចាំចាច់របស់គ្រូពេទ្យឯកទេសទារក ដើម្បីដាក់បញ្ចូលទុយោចូលក្នុងបំពង់ខ្យល់ (Intubation) និងធ្វើការវះកាត់នៅពេលដែលទារកមានស្ថានភាពនឹងនរ។

ក្នុងករណីសង្ស័យថា ទារកមានវិបត្តិផ្លូវដង្ហើមបន្ទាប់ពីសម្រាលរួច មាតាបិតាត្រូវទាក់ទងទៅគ្រូពេទ្យជំនាញឯកទេសទារក ដើម្បីព្យាបាលអោយបានឆាប់រហ័ស និងប្រសិទ្ធិភាព។ ការសង្រ្គោះទារកបានដោយជោគជ័យ និងគ្មានផលវិបាកទៅអនាគត អាស្រ័យដោយការព្យាបាលដោយគ្រូពេទ្យឯកទេសជំនាញ យ៉ាងយកចិត្តទុកដាក់ និងសម្ភារៈគ្រប់គ្រាន់តាមនិយាមសកល ដែលមាននៅផ្នែកប្រពោធនកម្មទារក នៃមន្ទីរពេទ្យកាល់ម៉ែត។