ក្រុម​អ្នក​វិទ្យាសាស្ត្រ ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​ជាមួយ​នឹង​អ្នក​ស្ម័គ្រចិត្ត​ជាច្រើនលាន​​នាក់ បានបង្ហាញ​លទ្ធផល​ស្រាវជ្រាវរបស់ខ្លួន​ថា ព្រឹត្តិការណ៍កីឡាករធំៗចំនួន ២ ដែលបាន​ធ្វើឡើងក្នុងអំឡុងខែមីនា នៅចក្រភពអង់គ្លេស គឺជា «មូលហេតុដែល​បណ្តាលឲ្យ​មានការ​កើន​ឡើងនូវចំនួន​មនុស្សឆ្លង និង​ស្លាប់» ដោយកូវីដ ១៩​ច្រើន​បំផុត។

ព្រឹត្តិការណ៍កីឡាទាំង ២នោះ រួមមានការប្រកួត​បាល់ទាត់ Champions League វគ្គ ១៦ក្រុម​ចុងក្រោយជើងទី ២ ដែលជាជំនួប​រវាង Liverpool ជាមួយ Atletico Madrid និង​ពិធីប្រណាំងសេះថ្នាក់ជាតិ Cheltenham Festival។

លោក​សាស្ត្រាចារ្យ Tim Spector បានលើកឡើងថា ព្រឹត្តិការណ៍ទាំង ២នេះ មាន​ឥទ្ធិពល​បំផុត ក្នុងការប្រមូល​ផ្តុំ​មនុស្ស​ទៅជួបជុំគ្នា ម្លោះហើយ​បាន​ជាលទ្ធផលនៃការ​ស្រាវជ្រាវ បង្ហាញ​ថា ចំនួន​មនុស្សស្លាប់ និង​ឆ្លងជំងឺកូវីដ ១៩ ច្រើន​បំផុត​ក្នុង​ចក្រភពអង់គ្លេស គឺកើត​ចេញពីតំបន់​ចំនួន ២ ដែលប្រារព្ធព្រឹត្តិការណ៍កីឡាធំទាំង ២នេះ។



តាម​របាយការណ៍​ស្រាវជ្រាវ តំបន់​កីឡាទាំង ២ គឺទីក្រុង Liverpool និង ទីក្រុង Cheltenham មានអ្នក​ស្លាប់ និង​ឆ្លងជំងឺកូវីដ ១៩ ចំនួនពី ៥ទៅ៦ភាគរយ នៃប្រជាជន​សរុប​ក្នុងប្រទេសអង់គ្លេស អាយុចន្លោះពី ២០ ទៅ ៦៩​ឆ្នាំ។ ហើយ​គេ​ក៏បាន​សម្គាល់​ឃើញថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ក៏បាន​ឆ្លងជំងឺកូវីដ ១៩ បន្ទាប់ពីលោក​បានទៅចូលរួម​ក្នុងព្រឹត្តិការណ៍កីឡាប្រណាំងសេះថ្នាក់ជាតិនោះដែរ។​

សូម​រម្លឹកជូនថា កាលពី ៣ខែមុន ចក្រភពអង់គ្លេស ត្បិតតែស្ថិតនៅក្នុងតំបន់អឺរុប ជាមួយអ៊ីតាលីមែន ប៉ុន្តែអង់គ្លេស មិនទាន់មានការ​រាតត្បាត​ជំងឺឆ្លងកូវីដ ១៩ ខ្លាំង​នៅឡើយទេ ប៉ុន្តែក្រោយ​ពី​គ្រប់ស​កម្មភាពកីឡា និងការប្រមូល​ផ្តុំនានា ត្រូវផ្អាក គេក៏បាន​រក​ឃើញ​ករណី​ឆ្លង និង​ស្លាប់ជាបន្ត​បន្ទាប់ ដែល​មក​ដល់​ពេលនេះ អង់គ្លេសជាប្រទេសស្ថិតនៅចំណាត់ថ្នាក់​លេខ ២ មាន​មនុស្សស្លាប់ដោយ​កូវីដ ១៩​ច្រើន​ជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក៕

ប្រភព៖ BBC