អណ្តើកភ្នំ ឬអណ្តើកព្រិច ត្រូវបានចាត់ថ្នាក់ចូលជាប្រភេទសត្វ ដែលរងការគំរាម​កំហែង​ខ្លាំង ប្រឈមនឹង​ការផុតពូជ ដោយអង្គការសហភាពអន្តរជាតិ ដើម្បី​អភិរក្ស​​ធម្មជាតិ (IUCN) កាលពីពេលថ្មីៗនេះ។

លោក Michael Meyerhoff នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអង្គរ​សម្រាប់​អភិរក្ស​ជីវចម្រុះ (ACCB) បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពអណ្តើកភ្នំ ដោយលោក​បានលើកឡើងថា “ការដែលអណ្តើកភ្នំត្រូវបានចាត់ទុកជាប្រភេទសត្វ ដែលរងការគំ​​រាមកំហែងខ្លាំង ប្រឈមនឹងការផុតពូជនោះ គឺបន្ទាប់ពីក្រុមជំនាញរបស់អង្គការ IUCN បានចុះសិក្សា និងវាយតម្លៃជាសកល នៃការថយចុះនូវចំនួន​សត្វប្រភេទនេះជាង៨០​ភាគរយ ក្នុងចន្លោះពេល៩០ឆ្នាំចុងក្រោយនេះ ហើយមូលហេតុចម្បងបំផុតគឺមក​ពីការ​បាត់​បង់ព្រៃដែលជាទីលំនៅ និងការជួញដូរ”។

លោកបានបន្តថា ច្រើនជាង៥០ភាគរយ នៃពពួកសត្វអណ្តើកជាង៣៦០ប្រភេទ នៅទូ​​ទាំង​ពិភព​លោក និង១៤ប្រភេទ នៅប្រទេសកម្ពុជា កំពុងតែរងការគំរាម​កំហែង​យ៉ាង​ខ្លាំង ហើយអាចប្រឈមនឹងការផុតពូជ នៅពេលខាងមុខ។

នៅក្នុងប្រទេសប្រទេសកម្ពុជា ការធ្លាក់ចុះនៃចំនួនអណ្តើកភ្នំ គឺដោយសារកត្តាជាច្រើន ក្នុងនោះកត្តាចម្បងបំផុតគឺការបាត់បង់ទីជម្រក ការបាត់បង់ជីវៈចម្រុះ និងការជួញដូរ ហើយទម្លាប់ និងជំនឿនៃការទិញអណ្តើកដើម្បីព្រលែង ដើម្បីរំដោះគ្រោះ ឬបានបុណ្យ​នោះក៏ជាកត្តាដែលបណ្តាលឱ្យមានការធ្លាក់ចុះផងដែរ ដោយអ្នកលក់ ឬក្រុមជួញដូរ នឹងបន្តចាប់ និងដាក់អន្ទាក់កាន់តែច្រើនឡើងៗ បើទោះជាអណ្តើកភ្នំ ត្រូវបានការពារ​ដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាក៏ដោយ។

អណ្តើកភ្នំ ឬអណ្តើកព្រិច គឺជាប្រភេទអណ្តើកដែលមានមាឌតូច ហើយអណ្តើក​ពេញ​វ័យ​មានទម្ងន់មិន លើសពី៣.៥គីឡូក្រាម ដោយអណ្តើកញី មានមាឌធំ​ជាង​អណ្តើក​ឈ្មោល ហើយអណ្តើកពេញវ័យអាច បន្តពូជបាន នៅពេលមានអាយុពី៦ ទៅ៨ឆ្នាំ។ អណ្តើកប្រភេទនេះ ត្រូវបានប្រទះឃើញនៅតំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ទំ​នាបភាគ​ខាងត្បូង និងភាគខាងជើង នៃដងទន្លេមេគង្គ ហើយស្ថិត​ក្នុងបញ្ជីក្រហម​នៃប្រភេទសត្វ ដែលរងការគំរាមកំហែងខ្លាំង ប្រឈមនឹងការផុតពូជ ដោយអង្គការ IUCN។

ប្រទេសកម្ពុជាគឺប្រទេសមួយដែលមានជីវៈចម្រុះដ៏សំបូរបែប នៅក្នុងតំបន់អា​ស៊ីអា​​គ្នេយ៍ ដោយមាន រុក្ខជាតិប្រមាណជាង៨.២៦០ប្រភេទ ថនិកសត្វជាង២០០ប្រភេទ សត្វដែលអាចរស់នៅក្នុងទឹក និងលើគោក ព្រមទាំងល្មូនជាង២៥០ប្រភេទ ត្រីជាង​៨៧៤ប្រភេទ និងសត្វស្លាបជាង៦០០ប្រភេទ។ ហើយនៅប៉ែកនិរតីនៃប្រទេស គឺតំបន់​ជួរភ្នំក្រវាញ ដែលលាតសន្ធឹងប្រមាណ១០.០០០គីឡូម៉ែត្រការ៉េ គឺជាតំបន់​អភិរក្សជីវៈ​ចម្រុះដ៏សំខាន់ ដោយមានសត្វចតុប្បាទធំៗជាច្រើនប្រភេទ ដូចជាដំរី ខ្លាឃ្មុំ ខ្ទីង ជា​​ដើម កំពុងរស់នៅ និងតំបន់អភិរក្សមួយចំនួនទៀតនៅក្នុងភូមិភាគឦសាន ក្នុងខេត្តម​​ណ្ឌលគិរី និងរតនគិរី ប៉ុន្តែសត្វព្រៃ និងជីវៈចម្រុះទាំងនេះ បានថមថយចុះ​ខ្លាំង តាមរយៈការរុករានទីលំនៅ ការទន្រ្ទានដីព្រៃដើម្បីធ្វើកសិកម្ម ការជូញដូរ៕ AKP

ខ្មែរណាស់