សត្វព្រៃ គួរតែរស់នៅក្នុងព្រៃ ហើយការស្រឡាញ់សត្វ មិនមែន មានន័យថារក្សា​វាទុកជាសត្វចិញ្ចឹមនៅក្នុងផ្ទះនោះទេ ព្រោះវាជាទង្វើខុសច្បាប់។ នេះជាការ​លើក​ឡើងរបស់លោក Michael Meyerhoff នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌល​អង្គរ​​សម្រាប់អភិរក្សជីវចម្រុះ (ACCB) ។

លោក Michael Meyerhoff  លើកទឹកចិត្តឱ្យប្រជាជនកម្ពុជា មានមោទនភាព ចំពោះ​សត្វព្រៃ បរិស្ថាន និងប្រភេទសត្វដែលខ្លួនមាន ដោយសារតែវាមានលក្ខណៈពិសេស ហើយមួយចំនួនទៀតកំពុងរងការគំរាមកំហែង និងជិតផុតពូជ ព្រមទាំងចូលរួមយ៉ាង​សកម្ម​ក្នុងការអភិរក្សសត្វ។

លោក Michael Meyerhoff  បានប្រាប់ AKP ថា “ប្រទេសកម្ពុជាគឺជាមជ្ឈមណ្ឌលដ៏ សំខាន់សម្រាប់ជីវចម្រុះ ហើយកម្ពុជាជាប្រទេសមួយក្នុង ចំណោមបណ្តាប្រទេសដែល​មាន​សារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិរក្ស”។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ ត្រូវបាន​បង្កើតឡើង​ក្នុងឆ្នាំ​២០០៣។  មជ្ឈមណ្ឌលនេះ មានទីតាំងស្ថិតនៅលើផ្ទៃដីប្រមាណ១៤ហិកតា នៅទីតាំង​ប្រវត្តិ​សាស្ត្រក្បាលស្ពាន ចម្ងាយប្រហែល៤០គីឡូម៉ែត្រ ខាងជើង​ក្រុងសៀមរាប។ មជ្ឈមណ្ឌល​នេះ ផ្តល់ជម្រកដល់សត្វជាង៦៣០ក្បាល ស្មើនឹង​ជាង៤០ប្រភេទ ហើយ​ក្នុង​រង្វង់ប្រមាណ៩០​ភាគរយ ជាសត្វដែលរងនូវការគំរាមកំហែង និងជិតផុតពូជ៕

ប្រែសម្រួលអត្ថបទ៖ ខ្មែរណាស់