
សាកលវិទ្យាល័យ Johns Hopkins បានរាយការណ៍កាលពីថ្ងៃអង្គារ៌ម្សិលមិញថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋអាមេរិកដោយសារជំងឺឆ្លងកូវីដ១៩ បានឆ្លងដល់កំណត់ត្រាថ្មីមួយទៀតគឺមួយថ្ងៃមានជិត ៤ ៥០០ នាក់។
ស្របពេលវិបត្តិសុខភាពកើនដល់កម្រិតមិនអាចគ្រប់គ្រងបាននៅសហរដ្ឋអាមេរិក នេះគឺជាលើកទីមួយហើយដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤០០០ នាក់ក្នុងរយៈពេលត្រឹម២៤ម៉ោង។ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងថ្មី ២៣៥.០០០ នាក់ និងអ្នកស្លាប់ចំនួន ៤.៤៧០ នាក់។
មនុស្សប្រហែល ១៣១.០០០ នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅសហរដ្ឋអាមេរិកដោយសារមានជំងឺកូវីដ១៩។ អត្រាស្លាប់ជាមធ្យមប្រចាំសប្តាហ៍ គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីការរាតត្បាតរាតត្បាតនេះ។
ប្រឈមមុខនឹងតួលេខដ៏សែនអាក្រក់ទាំងនេះ រួមទាំងវត្តមានននៃវីរុសបម្លែងថ្មីដែលអាចរាលដាលខ្លាំងជាងមុន អាជ្ញាធរអាមេរិកបានប្រកាសនៅថ្ងៃអង្គារ៌ថា អ្នកដែលមានបំណងហោះហើរមកកាន់សហរដ្ឋអាមេរិក ត្រូវតែបង្ហាញភស្តុតាងនៃការធ្វើតេស្តអវិជ្ជមានកូវីដ១៩មុនពេលចេញដំណើរ៕