ភ្នំពេញ៖ គ្រប់មុខរបររកទទួលទានទាំងអស់សុទ្ធតែមានតម្លៃ ប្រសិនបើរបរនោះ​ជាមុខរបរសុច្ចរិត ។ តួយ៉ាងដូចជាអាជីវករ ប្រកបរបរលក្ខណៈសេដ្ឋកិច្ចក្រៅប្រព័ន្ធ លក់ដូរតាមចិញ្ចើមផ្លូវ បើទោះជាមិនសូវល្អមើល ប៉ុន្តែពួកគាត់ អាចរកចំណូល​បាន​សមរម្យប្រចាំថ្ងៃសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគាត់។

អ្នកស្រី សុខ គា អាជីករលក់ដូរ នៅ​តាម​​ចិញ្ចើម​ផ្លូវព្រះមុន្នីវង្ស បានលើកឡើងដូច្នេះថា« ចា៎ ខ្ញុំមានលក់អំពិលទឹក អំពិលទុំ គុយ ម៉ាកប្រេង​ម៉ាកប្រាង។ រាល់ថ្ងៃខ្ញុំលក់ដាច់​ជាង​គេអំពិលទឹក និងគុយ»។

ទាក់ទងនឹងតម្លៃ អ្នកស្រី សុខ គា ជំរាបប្រាប់ថា« គុយ១គីឡូ តម្លៃយើងលក់៣ម៉ឺនរៀល ចំណែកអំពិលទឹក១គីឡូ ២ម៉ឺនរៀល រីឯអំពិលទុំ ក៏តម្លៃ ២ម៉ឺនរៀលដែរ»។

អ្នកស្រី សុខ គា បញ្ជាក់ប្រាប់ថា ក្នុង១ថ្ងៃ អ្នកស្រីអាចរកចំណូលបានពីអាជីពនេះ ចាប់ពី ៨ម៉ឺនរៀល ទៅជាង ១០ម៉ឺនរៀល។

អំពិលទុំ និងអំពិលទឹក គឺនាំយកមកពីប្រទេសថៃ ចំណែកគុយ គឺយកមកពីខេត្ត​កោះកុងយើង។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី សុខគា។ អ្នកស្រីបន្ថែមថា មូល​​ហេតុដែលលក់ផ្លែឈើនាំយកមកពីប្រទេសថៃ ដោយសារ ផ្លែឈើនៅស្រុកខ្មែរ មាន​​តម្លៃថ្លៃលក់មិនសូវចំណេញ រីឯផ្លែឈើ់នាំយកមកពីប្រទេសជិតខាង មានតម្លៃធូរជាង និងអាចរកចំណូលបានគួរសម។

«របស់ខ្មែរយើងយកមកជិត ២ម៉ឺនរៀល គឺខុសគ្នាពីរបីពាន់រៀលហើយ ចឹងយើង​លក់អត់ចំណេញទេ បើសិនរបស់ថៃយើងយកមកអាចចំណេញខ្លះ»។

អ្នកស្រី សុខ គា លើកឡើងថា រដូវដែលលក់ដាច់ខ្លាំង ចាប់ពីខែ ១១ រហូតដល់ខែ ៥ គឺរដូវសម្បូរផ្លែឈើ តែបើហួសពីចន្លោះខែនេះ គឺលក់មិនសូវដាច់ទេ៕

អត្ថបទ៖ ខ្មែរណាស់