អ្នកស្រី ប្រាក់ សាវី កសិករនៅខេត្តមណ្ឌលគិរី បានលើកឡើងថា បច្ចុប្បន្នដំណាំហូបផ្លែ ដូចជា ផាសិន ក្រូចវល្លិ៍ ទុរេន និងផ្លែប៊ឺ បានបាត់បង់ទីផ្សារ ខណៈសេដ្ឋកិច្ចធ្លាក់ចុះ ព្រោះពុំមានភ្ញៀវទេសចរ នៅឆ្នាំ ២០២០នេះ។

អ្នកស្រី សាវី បានរៀបរាប់ដូច្នេះថា « ខ្ញុំមានដីដាំដំណាំ ៧ហិកតា ដាំចម្រុះមានដូចជា ក្រូចវល្លិ៍ ២ពាន់គុម្ព ប៊ឺប្រមាណ ៣០០ដើម និងទុរេន បានជាង ២០០ដើម ហើយឥឡូវទុរេន ទើបតែមានផ្លែជាង ១០ដើមប៉ុណ្ណោះ»។

បច្ចប្បន្នអ្នកស្រី លក់ផ្លែផាសិនតម្លៃ ៨០០០រៀល ក្នុងមួយគីឡូក្រាម ប៊ឺលក់តម្លៃចាប់ ៦០០០រៀល-៨០០០រៀល ក្នុងមួយគីឡូក្រាម ហើយទុរេនតម្លៃ ១៨០០០រៀល ក្នុងមួយគីឡូក្រាម។អ្នកស្រីបញ្ជាក់ថា៖« ទុរេនឆ្នាំ២០២០នេះ មានការធា្លក់ចុះជាងឆ្នាំ២០១៩ ដោយទុរេនឆ្នាំនេះ លក់បាន ១គីឡូក្រាមតែ ១៥០០០-១៨០០០រៀលប៉ុណ្ណោះ មិនដូចឆ្នំា២០១៩ទេ យើងអាចលក់បាន ១គីឡូក្រាម ២៥០០០រៀល»។

អ្នកស្រី សាវី បញ្ជាក់ថា អ្នកស្រីអាចរកចំណូលបានពីដំណាំហូបផ្លែទាំងនេះ ចន្លោះពី ១ម៉ឺនដុល្លារ ទៅ ១ម៉ឺន៥ពាន់ដុល្លារ ក្នុងមួយឆ្នាំ៕

ដោយ៖ញឹក សំអូន