អ្នកស្រី កែវ​ មុំ

នាយិការក្រុមហ៊ុន លីលី ហ្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី អ្នកស្រី កែវ មុំ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកស្រីថា នៅពេលដ៏ខ្លី ខាងមុខ កសិករដែលដាំបន្លែ និងផ្លែឈើ នឹងអស់បារម្ភទៀតហើយ។

សហគ្រិនស្រ្តីដ៏ឆ្នើមនៅកម្ពុជារូបនេះ បញ្ជាក់មូលហេតុដែលអ្នកស្រីឲ្យកសិករឈប់បារម្ភ ដោយសារក្រុមហ៊ុនផលិតនំស្រួយលីលី នឹងមានម៉ាស៊ីនកែច្នៃបន្លែ និងផ្លែឈើ។ «បន្តិចទៀតប្រជាកសិករ លែងមានការព្រួយបារម្មណ៍នៅពេលដែលប្រមូលផលទៀតហើយ ។ ក្រុមហ៊ុនលីលីផលិតនំស្រួយបាននឹងកំពុងរៀបចំដំឡើងម៉ាស៊ីន កែច្នៃបន្លែ ផ្លែឈើក្រៀម នឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ»។ នេះជាការលើកឡើងរបស់អ្នកស្រី កែវ មុំ។

ជាមួយគ្នានេះ អ្នកស្រី ក៏អំពាវនាវបែបនេះថា៖«សូមបងប្អូនទាំងអស់គ្នាជួយគាំទ្រ ផលិតផលខ្មែរ គឺជាមោទនភាពជាតិខ្មែរ ។ជួយគាំទ្រផលិតខ្មែរ បានន័យថា បានចូលរួមចំណែកអភិវឌ្ឍប្រទេសខ្មែរ»។

តែយ៉ាងណាអ្នកស្រី នៅមិនទាន់បញ្ជាក់ព័ត៌មានលម្អិតនៃកម្លាំងផលិតរបស់ម៉ាស៊ីនថ្មីនេះ និងបរិមាណពិតប្រាកដនៃបន្លែ និងផ្លែឈើ ដែលក្រុមហ៊ុនអ្នកស្រី គ្រោងទិញពីកសិករនោះឡើយ។