ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសអង់គ្លេសចង់ឱ្យរដ្ឋាភិបាលរបស់ខ្លួន បន្ថែមរោគសញ្ញា៤ផ្សេងទៀតនៃជំងឺឆ្លងកូវីដ១៩ ក្នុងនោះមានដូចជាភាពអស់កម្លាំង ឈឺក្បាល ឈឺបំពង់ក និងរាគរូស ខណៈរោគសញ្ញាដែលគេឱ្យកត់សម្គាល់នៅបច្ចុប្បន្ននេះមានតែត្រឹមតែ៣ប្រភេទប៉ុណ្ណោះ ដូចជាក្អក គ្រុនក្ដៅ និងបាត់បងក្លិនឬរស់ជាតិនៃអាហារ។
សារព័ត៌មានBBCបានចុះផ្សាយនៅថ្ងៃម្សិលមិញថា អ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យទីក្រុងឡុងដ៍ និងក្រុមApp Zoe Symptom Study បានណែនាំថា ប្រសិនបើការធ្វើតេស្ដរកមេរោគកូវីដ១៩ ដោយដាក់បន្ថែមរោគសញ្ញាទាំង៤នេះ នោះការរកឃើញករណីឆ្លងកូវីដ១៩នឹងអាចកើនឡើង៤០%។

អ្នកនាំពាក្យមន្ទីរថែទាំសុខាភិបាលនិងថែទាំសង្គមបាននិយាយថា ក្រុមអ្នកវិទ្យាសាស្ត្រជំនាញមួយ កំពុងតែពិនិត្យអំពីរោគសញ្ញារបស់កូវីដ១៩ឡើងវិញ។ លោកបន្តថា រោគសញ្ញាសំខាន់ៗ ត្រូវបានគេជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីចាប់យករោគសញ្ញាដែលទំនងជាងគេទៅនឹងការឆ្លងកូវីដ១៩។



ក្រុមស្រាវជ្រាវ Zoe ជាក្រុមដំបូងដែលកំណត់ថា ការបាត់បង់ក្លិននិងរសជាតិនៃអាហារ ជារោគសញ្ញារបស់កូវីដ ដែលនាំឱ្យមានការបន្ថែមទៅក្នុងបញ្ជីរោគសញ្ញាផ្លូវការ។
ក្រុមស្រាវជ្រាវនេះ បានរកឃើញតាមរយៈការអង្កេតរោគសញ្ញាដែលត្រូវបានគេរាយការណ៍ពីក្រុមអ្នកប្រើកម្មវិធីAppក្នុងទូរស័ព្ទដៃរបស់ពួកគេ ស្ដីពីការសិក្សារោគសញ្ញាកូវីដ ដែលអ្នកទាំងនោះបានធ្វើតេស្ដវិជ្ជមាន។

តាមរយៈការវិភាគទិន្នន័យពីមនុស្សពេញវ័យជាង ១២០ ០០០ នាក់ ដែលបានបង្ហាញពីរោគសញ្ញានៅក្នុងកម្មវិធីApp គឺក្នុងនោះមាន ១ ២០០ នាក់បានរាយការណ៍ពីលទ្ធធ្វើតេស្តវិជ្ជមាន។ ក្រុមស្រាវជ្រាវនេះបានកំណត់ឃើញរោគសញ្ញាជាទូទៅរហូត ៧យ៉ាង៕