ភ្នំពេញ៖ អាជីវករ ឬអ្នកលក់ម៉ាស់ ដែលបំប៉ោងតម្លៃខ្ពស់ហួសពីតម្លៃធម្មតាពេក អាចនឹងប្រឈមជាប់ពន្ធនាគារចាប់ពី ៦ថ្ងៃទី ទៅដល់ ៥ឆ្នាំ។ នេះបើតាម​ការលើក​ឡើងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងនៅក្នុង​សន្និសីទ​ស្តីពី វឌ្ឍនៈភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាពខ្យល់នៅកម្ពុជា។

អ្នកនាំពាក្យថ្លែងបែបនេះ ខណៈដែលមានជនឆ្លៀតឱកាសមួយចំនួន កំពុងបំផុសព័ត៌​មាន​មិនពិត និងឆ្លៀតតម្លើងថ្លៃម៉ាស់កប់ពពក ដែលបង្កឲ្យសាធារណជន ប្រតិកម្មមិន​សប្បាយចិត្តស្របពេលដែលពិភពលោកកំពុងមានការព្រួយបារម្ភពីជំងឺរាតត្បាតប្រភេទថ្មី។ជាមួយគ្នានេះ លោក ផៃ ស៊ីផាន បានអំពាវនាវកុំឲ្យអាជីវករ​មានការតម្លើង​ថ្លៃម៉ាស់អំឡុងពេលនេះ។ 

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានណែនាំឲ្យពលរដ្ឋ​ពាក់ម៉ាស់ ពេលចេញ​ដំណើរទៅណាមកណា បើគ្មាន​ម៉ាស់ អាច​ប្រើ​កន្សែង ឬ​ក្រដាស​ជូត​មាត់ សម្រាប់​ទប់មាត់​នៅពេល​ក្អក​បាន  ហើយ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត ភ្លាម​ក្រោយពេល​ក្អក​។​

​វីរុសកូរ៉ូណា បានរីករាលដាលដល់ប្រទេសមួយចំនួន មានដូចជា ថៃ ហុងកុង ម៉ា​កាវ តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី អាមេរិក ជប៉ុន វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេ​ប៉ាល់ និង​កាណាដា​។ គិត​ត្រឹម​ម៉ោង ១២ ថ្ងៃទី​២៧ ខែមករា វីរុស​នេះ បាន​ឆ្លង​លើ​មនុស្ស​ប្រមាណ​២៨០០​នាក់ និង​អ្នកស្លាប់​កើន​ដល់​៨០​នាក់ហើយ៕