អ្នកដែលធ្លាប់មានអនុស្សាវរីយ៍ ឡើងបេះផ្លែអំពិលទឹក ប្រាកដជានឹកឃើញដល់អតីតកាលរបស់ពួកគេមិនខាន នៅពេលដែលបានឃើញរូបផ្លែអំពិលទឹក។

បច្ចុប្បន្នផ្លែអំពិលទឹក បានក្លាយជាមុខរបររបស់ពលរដ្ឋមួយចំនួននៅតាមជនបទ ហើយផែឈើមួយនេះ កំពុងមានដាក់លក់នៅហាងខ្លះ និងតាមដងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ និងទីរួមខេត្ត។ សម្រាប់នៅរាជធានីភ្នំពេញផ្លែអំពិលទឹកមួយគីឡូ តម្លៃប្រមាណ ២០០០០ រៀល និងនៅក្នុងហាងខេត្តខ្លះតម្លៃដល់ ២៣០០០ រៀល ក៏មាន។

អ្នកបម្រើនៅភោជនីដ្ឋានមនោរម្យ នៅខេត្តកំពង់ឆ្នាំង បានប្រាប់ខ្មែរណាស់ថា ភោជនីដ្ឋានរបស់លោក មានលក់ផ្លែអំពិលទឹក ដែលទិញពីប្រជាពលរដ្ឋ។ អ្នកបម្រើរូបនោះ បញ្ជាក់ថា នៅក្នុងហាងមនោរម្យ ផ្លែអំពិលទឹកមួយគីឡូក្រាមតម្លៃ ២៣០០០ រៀល។

អំពិលទឹក (ឈ្មោះវិទ្យាសាស្ត្រ: Pithecellobium dulce) ជារុក្ខជាតិដែលមានដុះច្រើននៅតាមប្រទេសកម្ពុជា ថៃ វៀតណាម។ មានឯកសារមួយចំនួនគូសបញ្ជាក់ថាអំពិលទឹកជារុក្ខជាតមានកំណើតពីប្រទេសមិកសិកូ អាមេរិចកណ្ដាល និងភាគខាងជើងរបស់អាមេរិចខាងត្បូង។ បន្ទាប់មកទើបមានការសាយពូជទៅកាន់អាមេរិចខាងជើង, ប្រទេសហ្វីលិពីន និងតំបន់អាស៊ីអាគ្នេយ៍។