(ភ្នំពេញ)៖ បច្ចុប្បន្នគេសង្កេតឃើញថា ការពុះដីឡូតិ៍លក់មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅតំបន់ជាយក្រុង និងនៅក្បែរតំបន់អភិវឌ្ឍន៍នានា ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែអ្នកពុះដីឡូតិ៍លក់ទាំងនោះ ហាក់មានភាពអនាធិបតេយ្យយ៉ាងខ្លាំង និងមួយចំនួនមិនទាន់បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ទេ។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ បានអះ​អាងនៅថ្ងៃទី ២៥ កញ្ញាថា មន្រ្តីជំនាញក្រសួងរៀបចំដែនដី នឹងចាត់វិធានការ​តាម​ផ្លូវច្បាប់ ករណីលក់ដីឡូតិ៍ខ្យល់ ឬលក់ដីឡូតិ៍ដែលមិនបានចុះបញ្ជីត្រឹមត្រូវ។

លោក ប៉ែន សុផល បានបន្តថា ក្រសួងរៀបចំដែនដី បានអនុម័តប្រកាសការអភិវឌ្ឍដីធ្លី ហើយប្រកាសនេះ ត្រូវបានដាក់ឲ្យអនុវត្តផងដែរ។ ប្រកាសនេះ​ត្រូវបានអនុវត្ត ការអភិវឌ្ឍដីទាំងអស់រួមទាំងការពុះដីឡូតិ៍ ជាគម្រោងមួយនៅក្នុងការអភិវឌ្ឍដី ក៏ត្រូវតែសុំច្បាប់ អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។

ក្រសួងក៏បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ មុននឹងទិញដី ត្រូវតែពិនិត្យឲ្យបានច្បាស់​លាស់ថា ដីដែលខ្លួនត្រូវទិញនោះ ជាដីដែលមានការចុះបញ្ជីច្បាស់លាស់ និងមិនមែន​ជាដី​ដែលបានលក់រួចហើយ ដើម្បីកុំឲ្យជាប់ទោសទណ្ឌដោយសារបញ្ហានេះ៕

សាវតា