ការផ្ទុះនៃវីរុសកូរ៉ូណា មិនអាចធ្វើឲ្យវិស័យអចលនទ្រព្យរងផលប៉ះពាល់ឡើយ ដោយ​សារតែជំងឺនេះ នឹងបាត់ទៅវិញ ក្នុងរយៈពេលខ្លីខាងមុខនេះ។ នេះបើតាមការ​លើកឡើង​របស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអច​លនវត្ថុកម្ពុជា នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិស​ដៅការងារ​ឆ្នាំ២០២០ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

លោក ច្រឹក សុខនីម បានពន្យល់ថា «កាលពីមុនកម្ពុជាក៏មានវីរុសផ្សេងៗដូចជា ជំងឺសារ, ជំងឺផ្ដាសាយបក្សី មុននឹងចូលដល់ជំងឺកូរ៉ូណានេះ។ ជាទូទៅជំងឺទាំងនេះនឹង​បាត់ទៅវិញ ក្នុងរយៈពេលប្រមាណត្រឹមតែ១-២ខែប៉ុណ្ណោះ ហើយក្នុងរយៈពេលដ៏ខ្លីនេះ នឹងមិនអាចបង្កផលលំបាក ដល់វិស័យអចលនទ្រព្យនោះឡើយ ហើយក៏​មិនជា​បញ្ហាដែលបងប្អូនប្រជាពលរដ្ឋគួរបារម្ភពេកនោះឡើយ»។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ ក៏បានអះអាងថា វិស័យអចលន​ទ្រព្យកម្ពុជា ឆ្នាំ២០២០ នៅតែបន្ដភាពរឹងមាំដដែល។លោកថា កត្តារឹង​មាំដោយផ្អែកសរសរស្តម្ភ៣រួមមាន៖ ភ្នាក់ងារអចលនវត្ថុ, ភ្នាក់ងារវាយតម្លៃ និងការអភិវឌ្ឍគម្រោង។

គួរបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃទី៣១ ខែមករានេះ ជំងឺផ្លូវដង្ហើមថ្មី ដែលផ្ទុះចេញ​ពីក្រុង​វូហាន ប្រទេសចិន បានរីករាលដល់ប្រទេសចំនួន២៣ នៅលើពិភពលោក ហើយបណ្តាលឱ្យមានមនុស្សស្លាប់២១៣នាក់ និងជាង៩៨០០នាក់កំពុងមានមេរោគ៕