អចលនទ្រព្យ

បច្ចុប្បន្នគេសង្កេតឃើញពលរដ្ឋមួយចំនួន បានធ្វើ ជំនួញលើ ការទិញលក់ ដីឡូតិ៍យ៉ាង គគ្រឹកគគ្រេង ប៉ុន្តែពួកគេមិនបានគិត ដល់បញ្ហាប្រឈម នា ថ្ងៃខាងមុខនោះទេ។

អ្នកវិភាគសេដ្ឋកិច្ច បង្ហាញការព្រួយបារម្ភពីសន្ទុះការ កើនឡើងនៃការ ពុះដីឡូតិ៍លក់ នាពេលបច្ចុប្បន្ន ពិសេសនៅជុំវិញរាជធានីភ្នំពេញ ដែលអាចប្រឈមនឹងវិបត្តិ ផ្សេងៗ ដូចជា លំនៅដ្ឋានគ្មានសណ្តាប់ធ្នាប់ និងបញ្ហាហិរញ្ញវត្ថុក្រោយលក់ ដីមិនចេញ នាថ្ងៃខាងមុខ។

លោកបណ្ឌិត គីសេរីវឌ្ឍន៍ អ្នកជំនាញវិភាគផ្នែកសេដ្ឋកិច្ច បានប្រាប់សារព័ត៌ មានក្នុង ស្រុកមួយថា លោកពិតជាមានការបារម្ភខ្លាំងណាស់ នាពេលបច្ចុប្បន្ន ដោយសារ ឃើញពលរដ្ឋមួយចំនួនបានធ្វើជំនួញលើការទិញដីឡូតិ៍ទុកលក់យកចំណេញ ប៉ុន្តែ ពួកគេមិនបានគិតទេថា មុខជំនួញនេះនឹងអាចប្រឈមនៅថ្ងៃខាងមុខ។

សូម​ជម្រាប​​ថា បច្ចុប្បន្នការ​ពុះ​ដី​ឡូតិ៍​នៅ​តំបន់​ជាយ​រាជ​ធានី​ភ្នំពេញ បាន​និង​កំពុង​មាន​ការ​ផុសផុល​យ៉ាង​ខ្លាំង ​ភាគ​ច្រើនមាន​តំបន់​ប៉ែក​ខាង​លិច​រាជ​ធានី​ភ្នំពេញ ដូចជា​តំបន់​ទំបន់​កប់​ស្រូវ សង្កាត់​ពន្សាំង និង​ព្រែក​ព្នៅជាដើម និង​ប៉ែក​ខាង​ត្បូង​ឈៀង​ខាង​លិច ក៏​មាន​ការ​ពុះ​ដី​ឡូតិ៍​ខ្លាំង​ផង​ដែរ។ ដូច្នេះ មុន​នឹង​សម្រេច​ចិត្ត​ទិញ​ដី​ឡូតិ៍ ត្រូវ​គិត​គូរ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ជាពិសេសការ​ពិនិត្យ​ទៅ​លើ​ប្លង់​ដី​ជាមួយ​នឹង​ម្ចាស់​គម្រោងជាដើម៕ 

អត្ថបទ៖ សាវតា