អ្នកជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក និងអាចហៅម្យ៉ាងទៀតថាជំងឺឈាមរាវ បានទទូចឲ្យក្រសួងសុខាភិបាលដាក់ចេញគោលការណ៍ជាក់លាក់ពាក់ព័ន្ធការថែទំា និងព្យាបាលថ្នាក់ជាតិសម្រាប់អ្នកជំងឺពួកគេ។

សែម សុខបញ្ញា ប្រធានសមាគមអ្នកកើតជំងឺដ៏កម្រមួយនេះ បានឲ្យដឹងថាបច្ចុប្បន្នពួកគេ ពិបាកស្វែងរកសេវាព្យាបាលជំងឺ ពីព្រោះកម្ពុជាមានគ្រូពេទ្យជំនាញព្យាបាលជំងឺនេះតិចតួចបំផុត និងមានតែនៅមន្ទីរពេទ្យពីរប៉ុណ្ណោះ គឺមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកុមារអង្គរ។

សូមបញ្ជាក់ថា ហេម៉ូហ្វីលា ឬជំងឺឈាមក្រកក ឬឈាមរាវ គឺជាប្រភេទជំងឺកម្រពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ហើយប្រសិនបើ ពុំមានការពិនិត្យព្យាបាល ឲ្យបានទាន់ពេលវេលាទេនោះ អ្នកជម្ងឺប្រឈមឈានទៅដល់ពិការភាព និងបាត់បង់ជីវិតថែមទៀតផង។

លោកវេជ្ជបណ្ឌិត ជាន សុផល គ្រូពេទ្យឯកទេសជំងឺហេម៉ូហ្វីលានៃមន្ទីរពេទ្យកុមាជាតិ បានឲ្យដឹងថា បច្ចុប្បន្នក្រុមគ្រូពេទ្យអាចព្យាបាលជំងឺហេម៉ូហ្វីលា បានកើនដល់ជិត១០នាក់ហើយ។លោកថាមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកុមារអង្គរ កំពុងប្រឹងប្រែងបណ្ដុះបណ្ដាលគ្រូពេទ្យជំនាញនេះបន្ថែមទៀតពីព្រោះអ្នកកើតជំងឺហេម៉ូហ្វីលាកាន់តែច្រើន៕