
ប្រទេសអាហ្សង់ទីនបានប្រកាសកាន់ទុក្ខនៅទូទាំងប្រទេសរយៈពេល៣ថ្ងៃ បន្ទាប់ពីអតីតកំពូលកីឡាករបាល់ទាត់របស់ខ្លួនគឺលោក ឌីអ៊ីហ្គោ ម៉ារ៉ាដូណា បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ៦០ឆ្នាំ។
ម៉ារ៉ាដូណាដែលបានលេងឱ្យក្លិបធំៗ រួមមានក្លឹបបាសេឡូណា និងក្រុមណាប៉ូលី ហើយធ្លាប់ជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន នៅពេលអាហ្សង់ទីនបានឈ្នះពានរង្វាន់ World Cup ឆ្នាំ១៩៨៦។
អតីតខ្សែបម្រើក្រុម Tottenham គឺកីឡាករ Ardiles ដែលធ្លាប់លេងជាមួយម៉ារ៉ាដូណាក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ១៩៨២បាននិយាយថាម៉ារ៉ាដូណាគឺជាព្រះនៅប្រទេសអាហ្សង់ទីននិងនៅជុំវិញពិភពលោក។
លោកបានបន្ថែមថា គាត់នឹងត្រូវបានគេចងចាំថាជាមនុស្សដែលមានទេពកោសល្យអស្ចារ្យម្នាក់ក្នុងវិស័យបាល់ទាត់ ដែលកីឡាករ Cristiano និងកីឡាករ Lionel Messi របស់ក្រុម Barcelona មិនដែលសុបិន្តថានឹងអាចមានការកោតសរសើរដូចកីឡាករ ម៉ារ៉ាដូណា បែបនេះឡើយ។
សមាគមបាល់ទាត់អាហ្សង់ទីនបានអះអាងថា លោក ម៉ារ៉ាដូណា បានស្លាប់ដោយសារគាំងបេះដូង។ នៅដើមវិច្ឆិកានេះ គេបានរាយការណ៍ថា លោក ម៉ារ៉ាដូណា ទើបទទួលបានការវះកាត់ឈាមកកក្នុងខួរក្បាលដោយជោគជ័យ។
កីឡាករល្បីៗ និងគ្រូបង្វឹកក្លឹបបាល់ទាត់ធំៗនៅអឺរ៉ុប បាននាំគ្នាចូលរួមរំលែកមរណៈទុក្ខនិងបង្ហាញការសោកស្ដាយ ខណៈអតីតកីឡាករបាល់ទាត់កំពូល លោក Pele របស់ប្រេស៊ីលបាននិយាយថា គាត់សង្ឃឹមថាថ្ងៃណាមួយពួកទាំងពីរនឹងបានលេងបាល់ជាមួយគ្នានៅលើមេឃ៕