
ក្រុមហ៊ុន Pfizer និងមន្រ្តីសុខភាពសហព័ន្ធអាមេរិក កំពុងបើកស៊ើបអង្កេតមួយ បន្ទាប់ពីមានបុគ្គលិកថែទាំអ្នកជំងឺម្នាក់បានស្លាប់ក្រោយពេលបានចាក់វ៉ាក់សាំងរបស់ក្រុម Pfizer បាន១៦ថ្ងៃ ប៉ុន្តែក្រុមហ៊ុន Pfizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ៌ម្សិលមិញថា រហូតមកដល់ពេលនេះ ពុំទាន់មានភស្តុតាងបង្ហាញ ការស្លាប់របស់បុគ្គលិកសុខាភិបាលរូបនោះ ជាប់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងឡើយ។
បុគ្គលិកពេទ្យដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដាបន្ទាប់ពីចាក់វ៉ាក់សាំងរួច បានវិវត្តទៅជាជំងឺដ៏កម្រមួយដែលត្រូវបានគេហៅថាជំងឺឈាមរាវធ្ងន់ធ្ងរ(thrombocytopenia)ដែលបន្ថយសមត្ថភាពរបស់រាងកាយដើម្បីកំណកឈាម និងធ្វើឱ្យបញ្ឈប់ការហូរឈាមខាងក្នុងរាងកាយ។
ស្របពេលក្រុមហ៊ុន Pfizer អះអាងថា មិនមានភស្ដុតាងបង្ហាញពីការស្លាប់នេះជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំង ប៉ុន្តែមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជំងឺឆ្លងCDCអាមេរិកបាននិយាយថា ខ្លួនទទួលបានដំណឹងស្លាប់របស់បុគ្គលិកពេទ្យនេះ ហើយនឹងធ្វើការវាយតម្លៃតាមក្រោយ នៅពេលទទួលបានព័ត៌មានបន្ថែមទៀត។
ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer បាននិយាយថា មកដល់ពេលនេះ មានមនុស្សរាប់លាននាក់បានចាក់វ៉ាក់សាំងរបស់ខ្លួន ហើយក្រុមហ៊ុនកំពុងតាមដានយ៉ាងដិតដល់នូវរាល់ព្រឹត្តការណ៍អវិជ្ជមានចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំង។
វ៉ាក់សាំងការពារកូវីដ១៩ ដែលផលិតឡើងដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុនដៃគូ BioNTech ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាលើកដំបូងនៅសហរដ្ឋអាមេរិកតាំងពីថ្ងៃទី១៤ខែធ្នូឆ្នាំមុន ដែលបានចាក់ឱ្យអ្នកបម្រើការមើលថែអ្នកជំងឺ និងគ្រូពេទ្យបម្រើការនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់មុនគេ។ មកដល់ពេលនេះ មានវ៉ាកសាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna ជាង៩លានម្ជុរត្រូវបានចាក់៕