ជំនួយចំនួន ១៧ លានដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលអាមេរិកជួយដល់កម្ពុជា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា (CAST)។ ពិធីប្រកាសបើកគម្រោងនេះ ក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Michael Newbill តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី ៣១ ខែមករា នៅសណ្ឋាគារកាំបូលឌីយ៉ាណា។

គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា នេះ នឹងយកទៅអនុវត្ត ដើម្បីបង្កើន និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបនៅកម្ពុជា នៅក្នុងខេត្តចំនួនប្រាំមួយ ដោយរួមមាន ខេត្តកណ្តាល កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ចាម។ គម្រោងនេះ ត្រូវបានផ្តល់ឥណទានដោយផ្ទាល់ពីក្រសួងកសិកម្មសហរដ្ឋអាមេរិក សម្រាប់ដំណើរការកម្មវិធី ស្របទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីវប្បកម្មនៃរាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោករដ្ឋមន្រ្តី វេង សាខុន គម្រោងនេះ នឹងជួយជំរុញដល់ការកំណើនកូនត្រីពូជ និងចំណី ព្រមទាំងពង្រឹងគ្រប់ទំនាក់ទំនងក្នុងខ្សែច្រវាក់តម្លៃ ពីកន្លែងបង្កាត់ភ្ញាស់ទៅអ្នកផលិត អ្នកទិញ និងអ្នកចែកចាយ។ លោកថា កម្ពុជានឹងទទួលបានផលប្រយោជន៍ពីការកើនឡើងនូវទំនុកចិត្ត និងឈានទៅទទួលបាននូផលត្រីដែលមានគុណភាពខ្ពស់ និងស្តង់ដារសមរម្យ។ លើសពីនេះ គម្រោងនេះនឹងជួយសេដ្ឋកិច្ចជាតិកម្ពុជា តាមរយៈការនាំចេញផលត្រីទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប្រកបដោយគុណភាព៕