ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក ផ្ដល់ថវិកា៧,៥លានដុល្លារ ដល់កម្ពុជា សម្រាប់ស្ដារសេដ្ឋកិច្ចក្រោយរងផលប៉ះពាល់ដោយសារកូវីដ១៩។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ឧសភា។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W. Patrick Murphy បានបញ្ជាក់ថា ទឹកប្រាក់៧, ៥លានដុល្លារនេះ គឺមានទឹកប្រាក់៥លានដុល្លារ សម្រាប់ស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារកូវីដ១៩។ដោយឡែកថវិកា២, ៥លានដុល្លារទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ឆ្លើយតបនឹងការការពារសុខមាលភាពប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ចាត់ទុកជំនួយរបស់អាមេរិក គឺជាការអន្តរាគមន៍ចំគោលដៅនិងទាន់ពេលវេលា ដែលជាកាយវិការប្រកបដោយអត្ថន័យសម្រាប់ប្រជាជនកម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា «ជំងឺកូវីដ១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ។ហើយកម្ពុជាក៏ដូចជាប្រទេសដទៃទៀតដែរ បានទទួលរងផលប៉ះពាល់ពីជំងឺនេះ»។

កន្លងមករដ្ឋាភិបាល ក៏បានដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ និងការពារជំងឺកូវីដ១៩នេះ។ រដ្ឋាភិបាលក៏បានត្រៀមកញ្ចប់ថវិកាពី៨០០លានដុល្លារ ទៅ២០០០លានដុល្លារផងដែរ បើសិនជាជំងឺនេះអូសបន្លាយពេលយូរ។

អ្នកជំងឺកូវីដ១៩ នៅកម្ពុជា ១២២នាក់បានជាសះស្បើយអស់ហើយ៕