លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ នៅខាងឆ្វេងដៃ លោកឯកអគ្គរដ្ឋទូតអាមេរិក នៅខាងស្តាំ

ភ្នំពេញ៖ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់កម្ពុជាខាងផ្នែកវប្បធម៌សរុបទាំងអស់ចំនួន៤,៥ លានដុល្លារ បើគិតចាប់ពីឆ្នាំ២០០១ មកដល់បច្ចុប្បន្នគឺ១៩ឆ្នាំ។នេះជាការលើកឡើងរបស់លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅរសៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០២០។

លោកស្រ្តីប​ន្តថា ជំនួយទាំងនេះ គឺយកទៅជួសជុលប្រាសាទបាក់ខែង ប្រាសាទបន្ទាយស្រី ប្រាសាទព្រះវិហារ និង ការបង្កើតសារមន្ទីរនៅអង្គរបុរីជាដើម។ ទន្ទឹមនឹងនេះ សម្រាប់មូលនិធិរបស់សហរដ្ឋអាមេរិកក៏បានផ្ដោតទៅលើការថែរក្សាសំលៀបំពាក់របស់ជនរងគ្រោះនៅសារមន្ទីរទួលស្លែងផងដែរ។

លោកស្រី ភឿង សកុណា ក៏បានបញ្ជាក់ដូច្នេះថា៖« រវាងកម្ពុជា-អាមេរិកចងសម្ព័ន្ធភាពជាមួយគ្នាគឺ៧០ឆ្នាំហើយ ដូច្នេះចំណងសម្ព័ន្ធភាពមួយនឹងការជួយគ្នាទៅវិញទៅមក ដែលមានអាយុវែងឆ្ងាយមានន័យថាជាមិត្តចាស់ ទោះពេលខ្លះមានការលំបាកតិចតួច ប៉ុន្តែនៅតែជាមិត្តដែលធ្វើការរួមគ្នាក្នុងរយៈពេល៧០ឆ្នាំនេះ»។

សូមជម្រាបថា វប្បធម៌គឺជាផ្នែកមួយ ដើម្បីជួយនូវការយល់ដឹងការផ្សព្វផ្សាយបណ្ដុះបណ្ដាលថែរក្សាអ្វីដែលជាព្រលឹងរបស់ជាតិយើង។ដូច្នេះការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងការជួយថែរក្សាបេតិកភណ្ឌជាតិ និងឯកសារនានាទាក់ទាងនឹងកម្ពុជាគឺជាផ្នែកមួយនៃការជួយថែរក្សាអ្វីជារបស់ខ្មែរ ហើយក៏ធ្វើឲ្យចំណងមិត្តភាពកាន់តែរឹងមាំ។