សហរដ្ឋអាមេរិកផ្តល់ជំនួយ​បន្ថែម​ជូន​ដល់​ប្រជាពលរដ្ឋកម្ពុជា ដែល​បាន​រងការប៉ះពាល់ដោយគ្រោះទឹកជំនន់។ ទីភ្នាក់ងារជំនួយ​អាមេរិក USAID នឹងផ្តល់ជំនួយ​ក្នុងទឹកប្រាក់ ៦០ម៉ឺនដុល្លារបន្ថែមពីលើ​ជំនួយ១០ម៉ឺនដុល្លារកាលពីខែតុលា ទៅដល់ដៃគូរបស់ខ្លួន គឺកម្មវិធីស្បៀងអាហារពិភពលោក​ ដើម្បី​ជួយ​ដល់​សហគមន៍រងការប៉ះពាល់ដោយទឹក​ជំនន់​។ នេះបើតាមការប្រកាសពីហ្វេសប៊ុកស្ថានទូតអាមេរិកនៅថ្ងៃអង្គារ៌ទី២៤វិច្ឆិកានេះ។

ការប្រកាសផ្ដល់ជំនួយនេះ ​មានការចូលរួម​ពីអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W. Patrick Murphy អ្នកស្រី Veena Ready នាយិកាទីភ្នាក់ងារជំំនួយ​អាមេរិក USAID នៅកម្ពុជា និង​អ្នកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារ​ពិភពលោក​និង​ជា​នាយិកា​ប្រចាំ​ប្រទេសកម្ពុជា។



គ្រោះទឹកជំនន់ពីអំឡុងខែកញ្ញាដល់ខែតុលា គឺបានធ្វើឱ្យប៉ះពាល់ជិត១៥ម៉ឺនគ្រួសារ ស្លាប់អស់៤៤នាក់ និងប៉ះពាល់ផ្ទះសម្បែងជាង១៣ម៉ឺនខ្នង ក្នុងនោះខូចខាតផ្ទះអស់៦៣ខ្នង និងធ្វើឱ្យប៉ះពាល់ស្រូវជាង២៨ម៉ឺនហិកតា និងដំណាំរួមផ្សំជាង៩៧ពាន់ហិកតាផ្សេងទៀត​៕