ភ្នំពេញ៖ អាណាព្យាបាលកុមារក្រីក្រនៅតំបន់ចាក់សំរាមស្ទឹងមានជ័យ បានសម្តែងការសាទរ និងថ្លែងអំណរគុណលោក ស្កុត នីសិន នៅក្នុងកម្មវិធីខួបទី ១៥ឆ្នាំ នៃការបង្កើតអង្គការមូលនិធិកុមារកម្ពុជា ឬហៅថា អង្គការស្កុត នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០៩។

នៅក្នុងកម្មវិធីខួបលើកទី ១៥ឆ្នាំ នៃការបង្កើតអង្គការមូលនិធិកុមារកម្ពុជា របស់លោក ស្កុត នីសិន មានអាណាព្យាបាល និងកុមាររាប់រយនាក់ បានចូលរួមក្នុងកម្មវិធីនេះ។

អាណាព្យាបាលកុមារក្រីក្ររស់នៅតំបន់ចាក់សំរាមស្ទឹងមានជ័យ បានលើកឡើង​ស្រដៀងៗគ្នាថា អង្គការស្កុត បានជួយបណ្តុះបណ្តាល និងអប់រំកូនៗ​របស់ពួក​គាត់អោយមានចំណេះដឹង និងបានជួយជីវភាពមួយកម្រិតផងដែរ។ ពួកគាត់បាន​សម្តែងក្តីរំភើប និងថ្លែងអំណរគុណលោក ស្កុត នីសិន។

នៅក្នុងកម្មវិធីខួបទី ១៥ឆ្នាំ នៃការបង្កើតអង្គការស្កុតនេះ ក៏មានព្រះវត្តមានសម្តេច ស៊ីសុវត្ថិពង្សនារី មុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក ស្កុត នីសិន ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា មានប្រសាសន៍ថា សហគមន៍នេះ បានប្រែប្រួលទាំងស្រុងបើធៀបនឹង ១៥ឆ្នាំមុន ដែលទីនេះ ជាកន្លែងចាក់សំរាម។

អង្គការមូលនិធិកុមារកម្ពុជា (CCF) ត្រូវបានបង្កើតឡើងនៅឆ្នាំ2004 ដោយលោកScott Neeson ដែលជាអតីតនាយកប្រតិបត្តិភាពយន្តមួយរូប។ អង្គការមូលនិធិកុមារកម្ពុជា បានផ្តល់នូវការអប់រំដើម្បីផ្លាស់ប្តូរជីវិត ការចិញ្ចឹមបីបាច់ និងការព្យាបាលដល់កុមារ ដែលងាយរងគ្រោះមានប្រភពចេញមកពីសហគមន៍ទុរគតបំផុតនៅប្រទេសកម្ពុជា៕

អត្ថបទ៖ ខ្មែរណាស់