លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បាន​សរសេរបង្ហោះនៅក្នុងហ្វេសប៊ុកនៅថ្ងៃទី១០ខែមិថុនាថា អាជ្ញាធរសម្រេចបូម​ទឹកពីខាងក្រៅបញ្ចូលក្នុងកសិណប្រាសាទបាគងដើម្បីសង្គ្រោះត្រី។

លោកបន្តថា ក្រៅពីនេះ ក៏មានកម្លាំងមន្រ្តី និងពលរដ្ឋនាំគ្នាកាយភក់​ចេញពីកសិណប្រា​សាទ ​ដើម្បីឲ្យមានចរន្តទឹក ព្រមទាំងជីកអណ្តូងបញ្ចូលទឹកបន្ថែម និងបានផ្ដល់​ចំណី​ដល់ត្រីផងដែរ។ កាលពីថ្ងៃទី៨ ខែមិថុនា ត្រីប្រាជាង១០ក្បាល មានទម្ងន់​ចន្លោះ​២០ទៅ៣០គីឡូក្រាម បានងាប់ជាបន្តបន្ទាប់ ដោយសារក​សិណប្រាសាទ​បាគង​រីងស្ងួត។

ប្រជាពលរដ្ឋនៅក្នុងតំបន់អះអាងថា ត្រីទាំងនោះនឹងបន្តងាប់ទៀត ប្រសិនបើគ្មាន​ភ្លៀងធ្លាក់ ព្រោះពួកគាត់មិនអាចចាប់យកត្រីទៅដាក់ស្រះផ្សេងនោះទេ។



ពលរដ្ឋបន្តថា ជាលើកដំបូងហើយដែលបានឃើញកសិណប្រាសាទបាគងរីង និងបានប្រទះឃើញត្រីធំៗងាប់ជាច្រើនក្បាលបែបនេះ។

ជាមួយគ្នានេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា កសិណប្រសាទបាគង មិនទាន់រីងស្ងួតទាំងស្រុងនោះទេ គ្រាន់តែទឹករាក់ ហើយ​ថ្ងៃ​ក្ដៅទើបធ្វើឲ្យត្រីមួយចំនួនងាប់។

លោកបន្តថា អាជ្ញាធរជាតិអប្សរា តែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារ កសិណប្រាសាទបាគង មិនអាចមានប្រភពទឹកដើម្បីបង្ហូរចូលភ្លាមៗបាន៕