អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបន្ថែមទីតាំងស្នាក់នៅរបស់ក្រុមកីឡាករទូកមួយកន្លែងទៀត សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨នេះ។ ទីតាំងថ្មីនោះ ស្ថិតនៅសួនច្បារទីលានប្រជាធិបតេយ្យថ្មី មុខឃ្លាំងសាំងសូគីម៉ិក ក្នុងខណ្ឌឬស្ស៊ីកែវ ពោលគឺនៅត្រើយម្ខាងទល់មុខតំបន់អភិវឌ្ឍន៍OCICតែម្ដង។

បើតាមប្រធានគណៈកម្មការបច្ចេកទេសប្រណាំងទូក លោក ប៊ូ ជុំសេរី ការបន្ថែមទីតាំងស្នាក់នៅមួយកន្លែងទៀតនេះ គឺដោយសារតែតំបន់អភិវឌ្ឍន៍OCICមានការអភិវឌ្ឍន៍កាន់តែច្រើនដែលមិនអាចមានទីតាំងសល់ សម្រាប់ការស្នាក់នៅរបស់កីឡាករទូកដូចបណ្ដាឆ្នាំកន្លងមក។

សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរបានតម្រូវឲ្យទូកប្រណាំងទាំងអស់បោះទីតាំងចត និងស្នាក់នៅលើវាលខ្សាច់នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វា។  កាលពីមុន ទូកប្រណាំងទាំងអស់​តែងតែបោះទីតាំងចត និងស្នាក់នៅតាមបណ្ដោយមាត់ទន្លេនៃតំបន់ជ្រោយចង្វាមុខព្រះបរមរាជវាំង។

ឆ្នាំនេះ មានទូកចូលរូមប្រណាំងសរុប២៩៥ទូក និងមានចំណុះប្រមាណជាង១ម៉ឺននាក់។ នេះបើតាមលោក ប៊ូ ជុំសេរី។ ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២១ ២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា៕