មន្រ្តីនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ អះអាងថា ករណីបាក់ច្រាំង​ធ្វើឱ្យចេតិយធ្លាក់ចូលទន្លេស្ថិតក្នុងវត្តឈើទាលខ្ពស់ ឬហៅថា វត្តក្ដីតាកុយ គឺមិនមែនបណ្ដាលមកពីករណីបូមខ្សាច់នៅក្នុងទន្លេឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺបណ្ដាលមកពីការសាងសង់ចេតិយនៅលើច្រាំងទន្លេដែលទើបនឹងចាក់ដីខ្សាច់ថ្មីៗប៉ុណ្ណោះ។

ចៅសង្កាត់វាលស្បូវ អ្នកស្រី យន់ សុផល បញ្ជាក់ថា ចេតិយទាំងនេះ គឺបានសាងសង់​ឡើងនៅលើដីខ្សាច់ដែលចាក់បំពេញឱ្យខ្ពស់នៅតាមច្រាំងទន្លេ ដែលទើបមាន​រយៈពេលប្រហែល២-៣ឆ្នាំប៉ុណ្ណោះ ហើយបន្ទាប់ពីទឹកទន្លេឡើងនិងស្រកទៅវិញ ក៏ស្រាប់តែមានទឹកហូរច្រោះក្នុងដីខ្សាច់ទាំងនេះចូលទន្លេវិញ ដែលអ្នកស្រីអះអាងថា នាំឱ្យមានការបាក់ច្រាំងនិងចេតិយទាំងនេះចូលទន្លេតែម្ដង។


អ្នកស្រីបន្តថា នៅក្នុងតំបន់កើតហេតុនេះ គឺពុំមានច្បាប់អនុញ្ញាតឱ្យបូមខ្សាច់ឡើយ ផ្ទុយទៅវិញ​ មានតែសាឡង់មកចតនិងផ្ទេរដីខ្សាច់ឱ្យគ្នាប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក អ៊ុង វន អាចារ្យធំនៅវត្តក្ដីតាកុយបញ្ជាក់ដែរថា ចេតិយទាំងនេះ គឺពិតជាសាងសង់នៅលើដីខ្សាច់ទើបនឹងចាក់មែន ប៉ុន្តែលោកបញ្ជាក់ថា ដីខ្សាច់ទាំង​នេះគឺចាក់ដើម្បីបំពេញឱ្យខ្ពស់ស្មើរដីវត្តប៉ុណ្ណោះ និងមិនមែនចាក់ចូលទន្លេឡើយ។

ចំណែក លោក ឡុង សុខេង​ ម្ចាស់ចេតិយដែលបានធ្លាក់ចូលទន្លេបានរៀបរាប់ថា ចេតិយរបស់លោកគឺបានសាងសង់អស់ប្រហែល២ម៉ឺនដុល្លារ​និងទើបតែលាបថ្នាំរួច​ប៉ុណ្ណោះ ដែលលោកគ្រោងធ្វើបុណ្យឆ្លងចេតិយនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុន។ ទោះជាយ៉ាងណាលោកសំណូមពរឱ្យអាជ្ញាធរជួយ​ស្ទួចលើកចេតិយមកវិញ ព្រោះចេតិយរបស់លោកដែលធ្លាក់ចូលទន្លេ​គឺមិនទាន់បាក់បែកនៅឡើយ។

ឆ្លើយតបនឹងសំណូមពរពីម្ចាស់ចេតិយ អ្នកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ​អះអាង​ថា មន្រ្តីក្រុងនិងខណ្ឌកំពុងរិះរកវិធីដើម្បីកុំឱ្យចេតិយទាំងនេះធ្លាក់​ចូលទន្លេទៀត​ស្របពេលបច្ចុបន្ននេះ ចេតិយដែលកំពុងស្ថិតនៅតាមច្រាំងទន្លេកំពុងបាក់នេះ​គឺមានចំនួន១១ចេតិយ។ អ្នកស្រីបន្តថា បច្ចុប្បន្ន អាជ្ញាធរបានយកប៉ាវច្រកដីខ្សាច់​មកទប់ទល់ជាបណ្ដោះអាសន្នហើយ៕