ក្រុមអាជ្ញាធរខេត្តតាកែវបានចុះទប់ស្កាត់លែងឱ្យមានរថយន្តដឹកដី បើកបរឆ្លងកាត់ប្រាសាទបុរាណសែនភូវាំងដែលមានអាយុកាលជិត១ពាន់ឆ្នាំ ក្រោយពីបានធ្វើឱ្យប៉ះពាល់គ្រឹះប្រាសាទ និងដីនៅខាងមុខប្រាសាទបាក់ស្រុត។ ប៉ុន្តែអាជ្ញាធរបានអះអាងថា ផលប៉ះពាល់នោះ គឺមិនធ្ងន់ធ្ងរនោះទេ។

លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ បានប្រាប់សារព័ត៌​មានខ្មែរណាស់នៅព្រឹកថ្ងៃទី១១ មករានេះថា កាលពីថ្ងៃទី២មករា ពលរដ្ឋមួយគ្រួសារបានកាយដីនៅទីទួលស្ថិតក្នុងចម្ការរបស់ខ្លួន ស្ថិតនៅតំបន់អភិរក្សប្រាសាទបុរាណសែនភូរាំង នៅភូមិអំពិល ស្រុកសំរោង ខេត្តតាកែវ ហើយបានជួលរថយន្តឲ្យដឹកដីចេញពីចម្ការនោះ ដើម្បីយកដីសម្រាប់ធ្វើស្រែ ដោយរថយន្តបានបើកករឆ្លងកាត់ក្បែរនឹងប្រសាទ។

លោកបន្តថា ក្រោយពីដឹកដីបាន២ថ្ងៃ អាជ្ញាធរក៏បានចុះណែនាំពលរដ្ឋម្ចាស់ដីនិងម្ចាស់គ្រឿងចក្រនៅថ្ងៃទី៤មករា ដើម្បីឲ្យធ្វើកិច្ចសន្យាបញ្ឈប់ ក្រោយការចុះពិនិត្យបានរកឃើញ​ថា ការបើកឡានដឹកដីកាត់ក្បែរប្រាសាទបែបនេះ បានធ្វើឲ្យរង្គើដល់គ្រឹះប្រាសាទប៉ុន្តែមិនបានបាក់ស្រុតនោះ និងគ្រាន់តែធ្វើឱ្យស្រុតដីនៅខាងមុខប្រាសាទប៉ុណ្តោះ។

លោកបានថ្លែងដូច្នេះថា៖«ការបើកឡានដឹកតាមផ្លូវមុខប្រាសាទបុរាណ បានធ្វើឲ្យប៉ះពាល់​គ្រឹះប្រាសាទប្រហែលជា១០ម៉ែត ហើយតំបន់នេះជាតំបន់ដែលត្រូវអភិរក្សពីផ្លូវមុខប្រាសាទចម្ងាយពី២០០ទៅ៣០០ម៉ែត ខណៈតំបន់ដែលពលរដ្ឋកាយដីនោះ មានចម្ងាយ​២០០ម៉ែត្រពីប្រាសាទសែនភូរាំងនេះ»។



ប្រាសាទសែនភូរាំង គឺត្រូវបានសាងសង់ឡើយដោយថ្មភក់ និងមានអាយុកាលតាំងពីសតវត្សរ៍ទី១១។

ប្រធានមន្ទីរវប្បធម៌ខេត្តតាកែវដដែលបន្តថា កន្លែងដែលពលរដ្ឋមួយគ្រួសារបានកាយដីសម្រាប់យកទីតាំងធ្វើស្រែនេះ គឺជាតំបន់អភិរក្សគ្មានប្លង់កាន់កាប់នោះទេ ដូច្នេះការកាយ​ដីនេះជាអំពើខុសច្បាប់ ដោយលោកអះអាងថា ពលរដ្ឋអ្នកកាយគឺមិនសូវយល់ដឹង ហើយពួកគាត់គ្រាន់តែដឹងថា ដីនេះបានបង្កបង្កើនផលតាំងពីជីដូនជីតាគាត់មក។

ចំណែកលោក កេត ម៉ៅ អភិបាលស្រុកសំរោងបានប្រាប់យ៉ាងខ្លីដែរថា អាជ្ញាធរបានចាប់ម្ចាស់ឡានដឹកដីយកទៅសួរនាំ ក្រោយពេលដែលបានដឹកដីបានចំនួន៣៥ឡាន។

លោក ជេត ពិសុទ្ធ បានបញ្ចាក់ផងដែរ កន្លងមកក៏មានករណីធ្វើឱ្យប៉ះពាល់ប្រាសាទអ៊ីចឹង​ដែរ ដោយសារពលរដ្ឋខ្លះ ពុំមានការយល់ដឹងអំពីតំបន់ដែលត្រូវអភិរក្ស៕