អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សហការជាមួយអង្គការដៃគូ បានចុះអប់រំផ្សព្វផ្សាយ បង្កើត កម្មវិធីប្រគុំតន្រ្ដី និងការធ្វើតេស្ដឈាមរកមេរោគអេដស៍ដល់កីឡាករអុំទូក និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលបានអញ្ជើញមកចូលរួមលេងកម្សាន្ដ​ក្នុង​អំឡុងព្រះរាជពិធីបុណ្យអុំទូក រយៈពេលបីថ្ងៃ នៅរាជធានីភ្នំពេញ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងយុទ្ធនាការចុះអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ដល់កីឡាករអុំទូក កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសួនច្បារមាត់​ទន្លេត្រើយខាង​កើត លោក តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើក​ឡើងថា ការចុះយុទ្ធនាការអប់រំផ្សព្វផ្សាយនេះដោយមើលឃើញថា ក្នុងព្រះរាជពិធី​​បុណ្យអុំ​ទូករយៈ ពេលបីថ្ងៃនេះ គឺមានបងប្អូនប្រជាពលរដ្ឋរាប់លាននាក់​មក​កម្សាន្ដសប្បាយរួមទាំងកីឡាករ អុំ ទូកផងដែរ ដែលជាឱកាសល្អក្នុងការផ្ដល់សារអប់​​រំអំពីជំងឺអេដស៍ និងវិធីបង្ការកុំឱ្យឆ្លងមេរោគ អេដស៍។

លោកបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានធ្វើការផ្ញើសារអប់រំ ទាំង​​ប្រយោល តាមបដា ពាក្យស្លោកដាក់តាមដងផ្លូវ និងបិទតាមក្រសួង ស្ថាប័ននានា ដើម្បី ជាការរម្លឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា ជំងឺអេដស៍នៅតែមាននៅឡើយទេ ហើយ កុំឱ្យភ្លេចខ្លួនឱ្យសោះ។

ទន្ទឹមនេះ ពេលដែលបងប្អូនប្រជាពលរដ្ឋចង់ធ្វើតេស្ដឈាម ឬចង់ យល់ដឹង​បន្ថែមពីបញ្ហាអេដស៍នេះ ក៏អាចមកជួបជាមួយក្រុមអ្នកផ្ដល់ប្រឹក្សាយោបល់​នៅតាម សួនច្បារត្រើយខាងកើត តំបន់កោះពេជ្រ ទល់មុខសួនច្បារវត្ដបទុមវត្ដី នៅតំបន់អភិវឌ្ឍន៍ ជ្រោយចង្វារ ឬជួបជាមួយក្រុមចល័ត ដែលចុះធ្វើការអប់រំផ្ទាល់៕