អភិបាលរង​ខណ្ឌមានជ័យ លោក​ឌី​ រ័​ត្ន​ខេ​ម​រុណ និងអនុប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​ប​ង្សុ​ នៃ​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ​លោក ​ឃាង​ ម៉ា​រិ​ទ្ធិ បាន​ដឹកនាំ​កម្លាំង​ជំនាញ​បិទ​អាជីវកម្ម​សិប្បកម្ម​លក់​មាន់​ចំនួន​២​កន្លែង​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៩​បេ​តេ​ ភូមិ​សន្សំ​ចំរើន​ផល​៣​ សង្កាត់​បឹង​ទំពន់​១​ ខណ្ឌមានជ័យ​ ដែលបង្កឲ្យ​មាន​ផល​ប៉ះពាល់​លើ​បញ្ហា​គ្មាន​អនាម័យ​ និង​មាន​ក្លិនស្អុយ​ជះ​ឥទ្ធិពល​ដល់​ពលរដ្ឋ​ក្បែរ​ខាង​ នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៨​នេះ​។

​ម្ចាស់អាជីវកម្មទីតាំង​ទី​១​ឈ្មោះ​ ប្រាក់​ ស្រី​មុំ​ ​ និង​ទីតាំង​ទី​២ ម្ចាស់ឈ្មោះ​ ឡុ​ង​ សុ​វ​ណ្ណា​រិ​ទ្ធិ​ ដែលទីតាំង​ទាំង​២​នេះ​ ស្ថិតនៅស្រប​លើ​ផ្លូវ​រួម​ជាមួយ​គ្នា​។​ ​

លោក​ឌី​ រ័​ត្ន​ខេ​ម​រុណ​ ​ បានឱ្យ​ដឹង​ថា ​កន្លង​មក​គឺ​អាជ្ញាធរ​ធ្លាប់​ទទួល​បាន​បណ្តឹង​ជា​ច្រើន​ពី​ពលរដ្ឋ​ក្បែរ​ខាង​ ប្តឹង​ទៅ​កាន់​អាជ្ញាធរ​អំពី​ផល​ប្រឈម​លើ​បញ្ហា​អនាម័យ​ ពោល​គឺ​ជះក្លិន​ស្អុយ​បំផុត​ចេញពី​ទីតាំង​ទាំង​២​ បង្ក​ការ​រំខាន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​។​ ​

ក្រោយ​ទទួល​បាន​បណ្តឹង​មក​ កម្លាំង​អាជ្ញាធរ​ មាន​មន្ត្រី​ជំនាញ​ បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ ក៏​រក​ឃើញ​ថា​ ទីតាំង​ទាំង​២​ខាងលើ​ ពិតជា​មាន​ផល​ប្រឈម​ដូច​អ្វី​ដែល​ពលរដ្ឋ​បាន​ប្តឹង​ប្រាកដ​មែន​។

បន្ទាប់ពីពិនិត្យរួចរាល់ អាជ្ញាធរ បានសម្រេចផ្អាក​ទីតាំង​អាជីវកម្ម​មាន់​ទាំង​២​នេះ​ និង​មិន​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំង​២ ​អាច​បន្ត​អាជីវកម្ម​បាន​ទៀត​ឡើយ​៕