នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រុងទ្រាយធំមួយ ដោយរឹបអូសបានគ្រឿងញៀនជិត ៥០គីឡូក្រាម នៅរាជធានីភ្នំពេញ។

ទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀនបានចុះផ្សាយនៅព្រឹកថ្ងៃទី២១វិច្ឆិកានេះថា កាលពីថ្ងៃទី១៨ ខែវិច្ឆិ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជា​មួយ​កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេតស្រាវជ្រាវ និងបង្រ្កាបគ្រឿងញៀនមួយ នៅចំណុចក្បែរស្ថានីប្រេងឥន្ទ: តូតាល់ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ។

ក្នុងការបង្ក្រាបនោះ គឺឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាបុរសជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងដកហូតបានវត្ថុតាងជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ២កញ្ចប់តូច​ទម្ងន់ប្រមាណ១០០ក្រាម ប៉ុន្តែមកដល់ថ្ងៃទី១៩វិច្ឆិកា កម្លាំងសមត្ថកិច្ច ក៏បន្តទៅធ្វើឆែកឆេរបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ដែលជាកន្លែងរក្សាទុកគ្រឿងញៀន។



ក្នុងការឆែកឆេរនេះ គឺបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់ អ៊ិចស្តាស៊ី(MDMA) និងនីមេតាហ្សេប៉ាសរុបទម្ងន់ ៤៨១៦០,៥៤ក្រាម។

ជនសង្ស័យនិងគ្រឿងញៀន ត្រូវបានមន្ត្រីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីបន្តតាមនីតិវិធី៕