អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រកាសជំរុញឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូល​ដ្ឋានចាត់វិធាន ការបង្ការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក​ដើម្បីបញ្ចៀសកុំឱ្យជំងឺ​នេះឆ្លងរាល​​ដាលចូលក្នុង​ទឹក​ដីខេត្តបន្ទាយមានជ័យ។

សេចក្តីប្រកាសចាត់វិធានការនេះបានធ្វើឡើងកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៩នេះ​ខណៈដែលជំងឺនេះបានឆ្លងរាលដាលចំនួន៥ខេត្ត​​ហើយ ក្នុងប្រទេសកម្ពុជា​មាន​ខេត្តរតនគិរី ខេត្តស្វាយរៀង ត្បូងឃ្មុំ តាកែវ និង​ខេត្តកណ្តាល ដែលបណ្តាល​ឱ្យសត្វជ្រូក​រាប់សិបក្បាល​បានស្លាប់នោះ។

ស្របពេលដែលមានការប្រកាសចាត់វិធានការបង្ការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកពី​សំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យនេះ មន្ត្រីជំនាញពេទ្យនៃមន្ទីរកសិក​​ម្មខេត្តបន្ទាយមាន​ជ័យបានប្រញាប់ចុះធ្វើសកម្មភាព​ត្រួតពិនិត្យអនាម័យផលិតផល​សាច់ជ្រូកនៅទីសត្ត​ឃាត និងផ្សព្វផ្សាយអប់រំជូនដល់កសិករចិញ្ចឹមជ្រូក និងអាជីវ​​ករលក់ផលិតផលសាច់ជ្រូក នៅក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យពួក​គាត់យល់​ដឹងពីវិធីសាស្រ្តបង្ការនិងការចូលរួមទប់​ស្កាត់ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក៕