អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២មករានេះ បានសម្រេចជ្រើសយកវិទ្យាល័យសម្ដេច​ឪ ជាសាលារៀងមួយកន្លែងទៀតសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ខណៈក្នុងមួយថ្ងៃៗ ពលករមកពីថៃចូលមកខេត្តនេះ នៅតែមានចំនួនច្រើននៅឡើយ។ សាលារៀននេះ គឺត្រូវបានចែកចេញជាពីរផ្នែកគឺអាគារសម្រាប់ធ្វើចត្តាឡីស័កនិងអាគារសម្រាប់ឱ្យសិស្សរៀន។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃនេះថា មូលហេតុដែលសម្រេចបន្ថែមមណ្ឌលចត្តាឡីស័កនេះ ពីព្រោះទីតាំងមណ្ឌល​ចត្តា​ឡី​ស័កនានានៅក្នុងខេត្តពេញអស់ ហើយពុំអាចមានលទ្ធភាពផ្ទុកពលករខ្មែរដែលត្រលប់មកពីថៃបន្ថែម ដែលក្នុងមួយថ្ងៃមានប្រមាណ១០០នាក់។

លោកថា៖« ជាយន្តការរបស់លោកភិបាកខេត្ត យើងត្រូវត្រៀមរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដើម្បីត្រៀមទុកសម្រាប់ពលករនាពេលខាងមុខទៀត»។



ខេត្តបន្ទាយមានជ័យបានយកសាលាធ្វើជាមណ្ឌលចត្តាឡីស័កចំនូន១២សាលារួចហើយ បូករួមទាំងមណ្ឌលចត្តាឡីស័កថ្មីនេះ បានកើនឡើង១៣សាលា ខណៈសិស្សខ្ទង់ពាន់នាក់ដែលសិក្សានៅតាមសាលាទាំងនេះ ត្រូវចូលរៀនវិញដោយសិក្សាពីចម្ងាយ។

ទោះជាយ៉ាងណា លោក លី សារី បញ្ជាក់ថា វិទ្យាល័យសម្តេចឪ ដែលជាទីតាំងថ្មីសម្រាប់​យក​មក​ធ្វើជាមណ្ឌលចត្តាឡីស័ក គឺពុំមានអ្វីប៉ះពាល់ទៅនិងការសិក្សារបស់សិស្សនៅសាលានោះ​ផ្ទាល់ឡើយ ពីព្រោះអាជ្ញាធរយកតែអគារមួយផ្នែកនៅក្នុងសាលាធ្វើជាមណ្ឌល​ចត្តា​ឡីស័ក ដោយសារបានចែកបរិវេណសាលាជាពីរផ្នែកសម្រាប់សិស្សនិងអ្នកធ្វើចត្តាឡីស័ក និងរៀបចំការពារយ៉ាងតឹងរឹង៕