បុរសម្នាក់ត្រូវបានតុលាការខេត្តក្រចេះសម្រេចចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីបានផលិតស្រាសនិងចែកចាយលក់ឱ្យអ្នកបរិភោគពុលស្លាប់ និងសំរាកព្យាបាលក្នុងមន្ទីរពេទ្យរាប់សិបនាក់។ មន្រ្តីខេត្តក្រចេះអះអាងថា ការចាត់វិធានការផ្លូវច្បាប់នេះ ដោយសារតែមានការចុះផ្សព្វផ្សាយហាមឃាត់ជុំវិញការផលិតស្រានេះច្រើនលើករួចមកហើយ។

លោក អឹម ពិសី នាយករងរដ្ឋបាលសាលាខេត្តក្រចេះ បានប្រាប់ទូរទស្សន៍ ណាយស៍ ធីវី តាមទូរស័ព្ទថា វាគឺជាលើកទី៣ហើយ ដែលខេត្តរបស់លោក មានពលរដ្ឋពុលស្លាប់ដោយសារការពិសារស្រាស ដោយលោកអះអាងថា លើកទី១កើតឡើងក្នុងស្រុកចិត្របូរី លើកទី២កើតឡើងក្នុងស្រុកស្នួល និងចុងក្រោយកើតឡើងស្រុកសំបូរនេះ។ លោកអះអាងថា ការសម្រេចចាត់វិធានការច្បាប់ទៅលើបុរសអ្នកផលិតស្រាឱ្យពលរដ្ឋពិសារពុលជាលើកទីបីនេះ គឺដោយសារកន្លងមក អាជ្ញាធរខេត្តបានចុះការណែនាំឱ្យឈប់ផលិតស្រាសនៅទូទាំងខេត្តចំនួនពីរលើករួចមកហើយ ហើយចុងក្រោយនៅតែមានករណីពុលស្រាដដែលនេះកើតឡើង។

សំឡេងលោក អឹម ពិធី«»

លោកអះអាងថា បុរសជាប់ចោទជុំវិញផលិតស្រាពុលនេះ គឺមានឈ្មោះ កុច សុខហេង អាយុ៣១ឆ្នាំ ហើយបច្ចុបន្ន កំពុងត្រូវតុលាការឃុំខ្លួនជាបណ្ដោះអាសន្ន។

ជាមួយគ្នានេះ របាយការណ៍ទើបចេញផ្សាយឱ្យដឹងដែរថា គិតមកដល់ថ្ងៃទី២២ តុលា ម្សិលមិញនេះ ពលរដ្ឋពុលស្រាស នៅឃុំបឹងចារ ឃុំកោះខ្ញែរ ឃុំក្បាលដំរី និងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ គឺមានស្លាប់កើនដល់ចំនួន៥នាក់ និងអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងឡើងមកមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ មានសរុបចំនួន៨៩នាក់។

របាយការណ៍ចុះផ្សាយបន្តថា ពលរដ្ឋទាំងនេះ បានក្អួតចង្អោរ វិលមុខ និងស្រវាំងភ្នែក ចាប់តាំងពីថ្ងៃទី១៩ ខែតុលា ហើយបើតាមការអង្កេតពីមន្រ្តីជំនាញនៃមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា និងក្រសួងសុខាភិបាល បានរកឃើញភស្ដុតាងថា មូលហេតុធ្វើឱ្យពលរដ្ឋទាំងនេះពុល គឺបណ្ដាលមកពីសារធាតុមេតាណុលនៅក្នុងស្រា។

ទោះជាយ៉ាងណា មានអ្នកជំងឺមួយចំនួនហើយ បានធូរស្រាល និងបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕