ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង ប្រកាសមិនទទួលខុសត្រូវលើការទិញ-លក់ដី នៅតំបន់ការពារធម្មជាតិ និងសហគមន៍ ដែលមិនស្របច្បាប់ឡើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី១៤ កក្កដា។

រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា ពលរដ្ឋបានសម្រុកទៅទិញ-លក់ដីនៅក្នុងស្រុកបុទុមសាគរ ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងនៅតាមតំបន់មួយចំនួនទៀត ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងក្នុងគម្របព្រៃឈើយ៉ាងអណាធិបតេយ្យ។

រដ្ឋបាលខេត្តកោះកុង បានអះអាងថា ការទិញ-លក់ដីធ្លីគឺមិនមានការចូលរួមពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ត្រីពាក់ព័ន្ធ និងមន្ត្រីភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ដោយគ្រាន់តែផ្ដិតមេដៃរវាងអ្នកលក់ និងអ្នកទិញប៉ុណ្ណោះ។ សម្រាប់រដ្ឋបាលខេត្ត សកម្មភាពទិញ-លក់បែបនេះ ជាទង្វើខុសច្បាប់។



«រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នឹងចាត់ទុកជាមោឃៈ និងបដិសេធចោលនូវរាល់ការលក់-ទិញដីធ្លីទាំងអស់ ដែលពុំមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្ដន្ទាទោសទៅតុលាការតាមផ្លូវច្បាប់»។ នេះជាការបញ្ជាក់របស់រដ្ឋបាលខេត្ត។

អាជ្ញាធរខេត្ត ក៏បានស្នើឱ្យពលរដ្ឋបញ្ឈប់សកម្មភាពទិញ-លក់ដីធ្លី ដែលមិនស្របតាមផ្លូវច្បាប់នេះ ដើម្បីចៀសវាងទង្វើខុសច្បាប់ និងខាតបង់ផលប្រយោជន៍ខ្លួន៕