នៅយប់ថ្ងៃទី១៨មករាម្សិលមិញ ក្រុមអាជ្ញាធរនិងក្រុមសន្ដិសុខនៅរដ្ឋបាលខណ្ឌដូនពេញ បានចុះប្រមូលស្រ្តីរកស៊ីផ្លូវភេទ និងអ្នកជួយហៅម៉ូយឱ្យស្រ្ដីទាំងនោះ ដែលពួកគេឈរជើងនៅតាមរបងនិងក្រោមដើមឈើនៅជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និង សួនច្បារមិត្តភាពកម្ពុជា-ថៃបានចំនួន១៣នាក់។

រដ្ឋបាលខណ្ឌពេញបានអះអាងថា ការចុះបង្ក្រាបនេះ គឺធ្វើតាមបញ្ជារបស់លោក សុខ ពេញវុធ អភិបាលខណ្ឌនេះ ហើយប្រតិបត្តិការចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទចំនួន១៣នាក់នោះ គឺមានស្រ្ដី១១នាក់ ដែលអាជ្ញាធរនឹងរៀបចំឯកសារបញ្ជូនពួកគេទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានប្រាប់សារព័ត៌មានខ្មែរណាស់ថា នេះមិនមែនជាលើកទីមួយទេដែលអាជ្ញាធរបានចុះប្រមូលក្រុមស្រ្ដីរកស៊ីផ្លូវភេទទាំងនោះ ខណៈមុខរបរនេះបានបង្កផលប៉ះពាល់ខ្លាំងដល់កេរ្តិ៍ខ្មាសស្រ្តីខ្មែរ និងបង្កជាការរំខានដល់រមនីយដ្ឋានដែលជាតំបន់ប្រវត្តិ។

លោកបញ្ជាក់ថា មូលហេតុដែលបញ្ជូនក្រុមស្រ្ដីនេះទៅមន្ទីរសង្គមកិច្ច គឺដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពួកគេ ដើម្បីឱ្យពួកគេមានឱកាសអាចទៅរកប្រកបមុនរបរផ្សេងក្រៅពីមុនរបរនេះ។

លោកថ្លែងដូច្នេះថា៖«កត្តាទីមួយ របរនេះធ្វើឱ្យប៉ះពាល់ដល់កិត្តយសស្រ្តីខ្មែរ។ និងទីពីរធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ដោយការឈរហៅម៉ូយ និងជាពិសេសគឺនៅតំបន់រមនីយដ្ឋានប្រវត្តិសាស្ត្រ ដែលជាកំណកំណើតរាជធានីរបស់យើង។ ដូច្នេះ! យើងមិនអាចទទួលយកបាន»។

លោកលើកឡើងថា កន្លងមកអាជ្ញាធរបានចុះអប់រំស្រ្ដីទាំងនេះស្ទើរតែរាល់ថ្ងៃ និងខ្លះធ្លាប់ត្រូវបានអាជ្ញាធរបញ្ជូនទៅមន្ទីរសង្គមកិច្ចម្ដងរួចហើយ ប៉ុន្តែពួកគេបានវិលត្រឡប់មកប្រកបរបរនេះដដែល ដោយសារការស្នាក់នៅដើម្បីទទួលការបណ្ដុះបណ្ដាលជំនាញនិងវិជ្ជាជីវៈពីមន្ទីរសង្គមកិច្ច គឺការស្ម័គ្រចិត្តរបស់ក្រុមស្រ្ដីទាំងនោះ។



លោកបន្ថែមថា៖«នៅចំពោះមុខ យើងនឹងមិនឱ្យមានអំពើរបែបនេះនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ឬក៏រាជធានីភ្នំពេញទេ។ ព្រោះវាធ្វើឱ្យបាត់បង់តម្លៃស្រី្តខ្មែរ និងបង្កជាភាពអាណាធិបតេយ្យ»។

លោក សុខ ពេញវុធ ព្រមានថា ចំពោះករណីពួកគាត់មិនសហការជាមួយសមត្ថកិច្ច និងនៅតែបន្តរកស៊ីបែបនេះ ឬក៏មានអ្នកដឹកនាំពួកគាត់ឱ្យមកប្រកបរបររកស៊ីនេះ ខាងអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ដោយមិនមានករណីលើកលែងឡើយ ព្រោះវាជាសកម្មភាពជួញដូរមនុស្ស។

លោក អំ សំអាត នាយករងនៃអង្គការលីកាដូរបានលើកឡើងថា លោកគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរដើម្បីរៀបចំសណ្តាប់ធ្នាប់សង្គមនេះ ក៏ប៉ុន្តែលោកថា ការហាមប្រាមនេះ ក៏ប៉ះពាល់ដល់ក្រុមស្រ្ដីទាំងនោះដែរ ព្រោះពួកគេសម្រេចចិត្តចេញមកប្រកបរបរនេះ អាចដោយសារមានជីវភាពខ្វះខាត។

លោកលើកឡើងទៀតថា កន្លងមក មូលហេតុដែលក្រុមស្រ្ដីប្រកបរបររកស៊ីផ្លូវភេទមួយចំនួន សម្រេចវិលមកប្រកបរបរនេះសារជាថ្មី ដោយសារពួកគេរៀនចេះជំនាញនិងចេញពីមន្ទីរសង្គមកិច្ចមកវិញ ប៉ុន្តែគ្មានដើមទុនដើម្បីទៅបើករបរផ្សេងតាមជំនាញដែលពួកគេបានរៀននោះ។

លោកថា៖«ករណីនេះ ខ្ញុំយល់ថាគួរតែមានដំណោះស្រាយណាមួយ ដើម្បីឱ្យពួកគាត់មានមុខរបរក្នុងការចិញ្ចឹមជីវិត។ ហើយបើនិយាយពីសិទ្ធិសេរីភាព វាជាសិទ្ធរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការជ្រើសរើស តែបញ្ហាខ្លះក៏វាអាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែរ»៕