ពលរដ្ឋតវ៉ារឿងដីធ្លីដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃអង្គារ៍ម្សិលមិញ ស្ថិតនៅស្ថិតនៅចំណុចផ្លូវ7NG ក្ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នឹងត្រូវបញ្ជូនទៅតុលាការខេត្តកណ្តាលនៅរសៀលថ្ងៃទី១៧កុម្ភៈនេះ។

លោក ម៉ែន សុខឿន អធិការស្រុកខ្សាច់កណ្តាលបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃនេះថា កាលពីម្សិលមិញ អាជ្ញាធរបានចាប់ខ្លួនពលរដ្ឋចំនួន២០នាក់ដែលបានចូលរួមក្នុងតវ៉ាដុតកង់ឡាន ប៉ុន្តែមាន៧នាក់ត្រូវបានដោះលែងវិញដោយសារមិនទាន់គ្រប់អាយុ ហើយអ្នកនៅសល់ចំនួន១៣នាក់ នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ ។

លោកថា៖«យើងរៀបចំរួចស្រេចហើយក្នុងដំណាក់កាលនេះ ហើយត្រៀមបញ្ជូនទៅតុលាការផងដែរ ហើយពលរដ្ឋ២០នាក់នោះមានខ្លះជាពលរដ្ឋមិនទាន់គ្រប់អាយុដែលត្រូវបានដោះលែងទៅវិញបន្ទាប់ពីមានការសម្រេចពីព្រះរាជអាជ្ញា»។



អភិបាលខេត្តកណ្ដាលបញ្ជាក់ថា ការចាប់ខ្លួននេះ ដោយសារពលរដ្ឋចំនួន១០គ្រួសារបានធ្វើសកម្មភាពសង់របង និងផ្ទះដែក ស្ថិតនៅក្នុងដីដែលកំពុងមានជម្លោះចំនួនជាង​៦ហិកតា ដែលពូកគេបានលក់ទៅឲ្យពលរដ្ឋម្ខាងទៀតកាលពី២០ឆ្នាំមុន ហើយមកទល់ដើមឆ្នាំ២០២១នេះ ពួកគេមានការតវ៉ាយកដីនោះមកវិញ និងរហូតមានការប្តឹងតវ៉ាពីសំណាក់ម្ចាស់ដីដែលកំពុងគ្រប់គ្រងដីនោះ។

អភិបាលខេត្តបន្តទៀតថា អាជ្ញាធរធ្លាប់បានចេញលិខិតទៅឲ្យពលរដ្ឋចំនួន១០គ្រួសារនោះ ដោយហាមមិនឲ្យធ្វើសកម្មភាពសាងសង់ណាមួយលើដីនោះឡើយ ក៏ប៉ុន្តែពួកគេនៅ​តែបន្តធ្វើនិងមិនសហការជាមួយអាជ្ញាធរ រហូតដល់ថ្ងៃអង្គារ៍ម្សិលមិញ ទើបមានការផ្ទុះការតវ៉ាដុតកង់ឡាន ហើយអាជ្ញាធរចុះបង្ក្រាបនិងចាប់ខ្លួន និងរុះរើរសំណង់ផ្សេង​ៗ​លើ​ដីនោះ ដើម្បីរក្សាភាពដើមវិញ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តក៏បានបញ្ជាក់ទៀតថា ករណីនេះគឺមានការជាប់ពាក់ព័ន្ធជាមួយបុគ្គលផ្សេងទៀតដែលនៅពីក្រោយខ្នងពលរដ្ឋដែលតវ៉ាជាង១០នាក់នេះ ហើយបច្ចុប្បន្នក៏កំពុងស្វែងរកជននោះ ដើម្បីកុំឲ្យមានការាលដាលករណីដីធ្លីនេះទៀតនៅខេត្តកណ្តាល៕