ក្រុមអាជីវករលក់ដូរតាម​ផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ រអ៊ូរទាំថា ចាប់តាំង​ពីផ្ទុះ​ជំងឺកូវីដ១៩​នៅកម្ពុជា ពួកគាត់លក់ដូរលែងសូវដាច់ ហើយត្រូវចំណាយផ្សេងៗជាច្រើន មិនសមនឹងចំណូល។

ជាក់ស្តែងអាជីវករនៅផ្សារផ្លាហ្សាពោធិ៍ចិនតុង បានលើកឡើងថា ពួកគាត់ត្រូវ​ចំណា​យថ្លៃតូបថ្លៃភាស៊ី ថ្លៃអនាម័យ ថ្លៃសន្ដិសុខ ជាប្រចាំ តែចំណូលមិនសូវបាន ដែល​ធ្វើឲ្យជីវភាពរបស់ពួកគាត់ជួបការលំបាក នៅក្នុងដំណាក់កាលផ្ទុះជំងឺកូវីដ១៩នេះ។

តាមពិតទៅ មិនថា តែអាជីវករនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ដែលជួបបញ្ហា​បាត់​បង់អតិថិជននោះ អាជីវករស្ទើរតែទូទាំងប្រទេស បានត្អូញត្អែពីការបាត់បង់ចំណូល និងអតិថិជនដូចគ្នា។

ទោះយ៉ាងណា រាជរដ្ឋាភិបាល កំពុងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មិនឲ្យឆ្លងចូលក្នុងសហគមន៍ បង្កើនការផ្សព្វផ្សាយពីវិធានការការពារ និងបានអំ​ពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងជំងឺនេះ៕ រូបភាព៖ Srun tith