អាជីវករនៅច្រកទ្វារអានសេះព្រំដែនកម្ពុជា-ថៃ កំពុងតែកាក់កប ចំពោះការរកបាន​ប្រាក់​ចំណូល​ប្រចាំថ្ងៃទទួលបានច្រើនគួរសម តាមរយៈការលក់ផ្សិតប៉ក់ ក្នុងចន្លោះ​ចាប់ពី១​តោនឡើងទៅលក់ឱ្យជនជាតិថៃ សម្រាប់យកទៅធ្វើជាម្ហូបអាហារដ៏ពេញ​និយម។

អ្នកស្រី ថន ស្រីមុំ ជាអាជីវករលក់ដូរនៅក្នុងផ្សារច្រកទ្វារអានសេះទឹកដីកម្ពុជា បានឱ្យ​ដឹងថា ចាប់ពីពាក់កណ្តាលខែមេសាមក អាជីវករនៅលើច្រកទ្វារអានសេះ បាននាំគ្នា​ប្រមូល​ទិញ ផ្សិតប៉ក់មកពីខាងក្រៅខេត្តនានា ដើម្បីយកមកលក់ឱ្យជនជាតិថៃ ដែលចូលមក​ទិញ​ជារៀងរាល់ថ្ងៃ បានតម្លៃច្រើនគួរសមដែរ។

អ្នកស្រីបន្ដថា នៅពេលដែលមាន​ភ្លៀង​ធ្លាក់ផ្សិតនេះនឹងដុះរហូតដល់ពេលដែល​ភ្លៀង​​ធ្លាក់​ជោគជាំ ទើបផ្សិតនេះឈប់ដុះ ហើយកសិករ អាចដើរជីកផ្សិតនេះបានយកមក​លក់ ចាប់ពីពាក់កណ្តាលខែមេសា រហូតដល់​ខែកក្កដា ទើបផ្សិតនេះផុតរដូវ។

អ្នកស្រីបានបន្ថែមថា ក្នុងមួយថ្ងៃៗ អាជីវករ នៅក្នុងផ្សារ​ច្រក​ទ្វារអានសេះនេះ អាចលក់​បានចន្លោះពី២០គីឡូក្រាម ទៅ៥០គីឡូក្រាម ដោយក្នុងមួយ​គីឡូក្រាម ទទួលបានតម្លៃ ចាប់ពី៤៥០បាត ទៅ៥០០បាត ទៅតាមគុណភាពផ្សិត ហើយអាច​ឱ្យអាជីវករ​រកប្រាក់ចំណូលបានក្នុងមួយថ្ងៃ ចន្លោះពី២.០០០បាត ទៅ៥.០០០បាត។

 អ្នកស្រីបានបន្តទៀតថា ក្នុងរដូវនេះក្រៅពីផ្សិតប៉ក់នោះ អាជីវករក៏មាន​បន្លែព្រៃជាច្រើន​មុខ​ទៀត ដូចជាផ្កាចាហ៊ួយ ស្លឹកព្រិច ជាដើម ពោលគឺអាជីវករនៅទីនោះ លក់​បន្លែព្រៃទៅ​​​តាម​រដូវ​នីមួយៗ ហើយបន្លែទាំងអស់នេះជាអាហារដ៏​ពេញនិយម​បំផុតរបស់ជនជាតិថៃ ។

 ជនជាតិថៃម្នាក់ដែលបានចូលមកទិញបន្លែ និងទំនិញផ្សេងៗនៅទឹកដីកម្ពុជា​ក្នុងផ្សារ​ច្រកទ្វារអានសេះនេះ បានលើកឡើងថា មូលហេតុដែលពួកគេបាននាំគ្នាមកទិញ​ផ្សិតប៉ក់ ក៏ដូចជាបន្លែព្រៃផ្សេងៗនេះពីអាជីវករខ្មែរ ដោយសារតែនៅក្នុងទឹកដីថៃ ពុំសូវមាន បន្លែ​ប្រភេទ​ទាំងអស់នេះទេ ម្យ៉ាងវិញទៀតនៅក្នុងព្រៃទឹកដីរបស់​ពួកគេសម្បូរគ្រាប់មីន ដូច្នេះ​ហើយ​ទើបពុំមាននរណាម្នាក់ ចូលទៅរកបន្លែ ទាំងនេះយកមកលក់៕

ខ្មែរណាស់ (ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ)