អភិបាលស្រុកបន្ទាយស្រី លោក ឃីម ហ្វីណង់ បានណែនាំកសិករក្នុងស្រុក បង្កើតមុខម្ហូបឲ្យបានច្រើនសម្បូរបែប ដើម្បីបម្រើជូនភ្ញៀវទេសចរណ៍ក្នុងស្រុក ដោយមានការប្រកួតប្រជែងម្ហូបអាហារប្រចាំតំបន់ និងបង្ហាញពីចំនុចពិសេសនៃទំនៀមទម្លាប់អ្នករស់នៅតាមតំបន់ភ្នំនៅក្នុងស្រុកបន្ទាយស្រីជាដើម។ លោកថ្លែងបែបនេះ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០។

លោក ហ្វីណង់ បានលើកឡើងថា ស្រុកបន្ទាយស្រីមានសក្តានុពលធំមួយ ផ្នែកទេសចរណ៍ ដូច្នេះប្រជាកសិករនៅក្នុងស្រុកគួរចាប់យកការចិញ្ចឹមសត្វប្រភេទណាដែលចំណេញដល់ខ្លួនឯងផង និងបម្រើឲ្យវិស័យទេសចរណ៍ផង។

លោកបានលើកឡើងថា ការចិញ្ចឹមសត្វប្រភេទមួយចំនួន គឺត្រូវឲ្យមានភាពសមស្របខ្លាំងទៅនឹងតំបន់ចម្រាក់ភ្នំ ដូចជាការចិញ្ចឹមសត្វពពែ ឬសត្វចៀមជាដើម ព្រោះតំបន់ទាំងនេះពិបាកក្នុងការដាំដំណាំ និងធ្វើចម្ការ។ចំពោះការចិញ្ចឹមមាន់ស្រែ បានបង្កើតទីផ្សារយ៉ាងធំទូលាយដល់កសិករនៅក្នុងស្រុក ហើយការងារនេះក៏នៅតែបន្ត។ លោក ហ្វីណង់ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំពិតជាចង់ឃើញរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា មានចំនុចខ្លាំងខាងផ្នែកម្ហូបអាហាររបស់ខ្លួនផ្សេងៗគ្នាទៅតាមតំបន់នីមួយៗ មិនមែនទៅកន្លែងណាក៏មានតែមាន់ដុតដូចៗគ្នានោះទេ»។

បើតាមលោក ឃីម ហ្វីណង់ រដ្ឋបាលក្នុងស្រុកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការគាំទ្រក្រោមរូបភាពផ្សេងៗ ក៏ដូចជាសហការជាមួយអង្គការដៃគូនានា ផ្តល់អ្នកជំនាញបច្ចេកទេស ស្វែងរកទីផ្សារ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនកសិករ ដែលចាប់អារម្មណ៍លើការងារចិញ្ចឹមសត្វប្រភេទទាំងនេះ៕

អត្ថបទ៖ ញឹក សំអូន