ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានដាក់គោលដៅរៀបចំខេត្តព្រះសីហនុ ឲ្យក្លាយជាខេត្តដែលមានសុវត្ថិភាព ផ្នែកម្ហូបអាហារ ដើម្បីធានាដល់សុខភាពប្រជាពលរដ្ឋ។

«ខ្ញុំមានក្តីប្រាថ្នា ចង់ឲ្យខេត្តព្រះសីហនុក្លាយជាខេត្តមួយដែលមានសុវត្ថិភាព ម្ហូមអាហារ ត្បិតអីម្ហូបអាហារជាប្រភពឬសគល់នៃបញ្ហាសុខភាពដែលជាចំនុចសំខាន់បំផុតសំរាប់គ្រប់ក្រុមគ្រួសារ ហើយខេត្តព្រះសីហនុជាខេត្តទេសចរណ៌ មានការពាក់ព័ន្ធយ៉ាងស៊ីជម្រៅលើវិស័យម្ហូមអាហារផងដែរ»។ នេះជាគោលបំណងរបស់លោក យន្ត មីន្ត ដែលបានបន្ថែមថា លោកនឹងរៀបចំក្រុមការងារ ចុះពិនិត្យតាមអាហារដ្ឋាននានា ដើម្បីសម្រេចក្តីប្រាថ្នារបស់ខ្លួន។

អភិបាលខេត្តរូបនេះ បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖« ដើម្បីសម្រេចក្តីប្រាថ្នានេះ ខ្ញុំមានផែនការជំរុញឲ្យគ្រប់អាហារដ្ឋានទាំងអស់ប្រែក្លាយពីការប្រកួតប្រជែងគ្នាដើម្បីតែប្រាក់ចំណេញ មកជាការប្រកួតប្រជែងគ្នាផ្តល់សេវាម្ហូមអាហារដែលមានសុវត្ថិភាពដល់សុខភាព(អត់គីមី អនាម័យល្អ សេវាល្អ…)ដើម្បីប្រាក់ចំណេញវិញ»។

ត្រង់ចំណុចនេះលោក យន្ត មីន ពន្យល់ថា លោកនឹងរៀបចំក្រុមការងារចុះដាក់ពិន្ទុ ហើយបិទសញ្ញាសំគាល់តាមអាហារដ្ឋាន និងទីតាំងផ្គត់ផ្គង់ម្ហូបអាហារនានា នូវកំរិតសុវត្ថិភាពម្ហូបអាហារ ដើម្បីមានភាពងាយស្រួលដល់ប្រជាពលរដ្ឋពិចារណាជ្រើសរើស កន្លែងដែលសុវត្ថិភាពចំណីអាហារល្អត្រឹមត្រូវ។

ជាមួយគ្នានេះលោក យន្ត មីន អំពាវនាវឲ្យពលរដ្ឋ ចូលរួមគាំទ្រចលនាខាងលើនេះ ដើម្បីជាការការពារសុខភាពខ្លួនឯង និងក្រុមគ្រួសារ តាមរយៈលើកទឹកចិត្តអាហារដ្ឋានដែលផ្តល់សេវាម្ហូបអាហារដែលមានសុវត្ថិភាពផងដែរ៕