គ្រឿងញៀននៅតែជាបញ្ហាស្មុគស្មាញនៅឡើយ សមត្ថកិច្ចគ្រប់ជំនាញ និងអាជ្ញាធរ​ពាក់ព័ន្ធ ត្រូវបន្ដចុះត្រួតពិនិត្យលើបញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅក្លឹប​កម្សាន្ដនានា និងត្រូវតែបន្ដយកចិត្តទុកដាក់ក្នុងការ ប្រយុទ្ធប្រឆាំងលើបញ្ហា​គ្រឿង​ញៀននេះឲ្យខាងតែបាន។ នេះជាការបញ្ជាក់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលក្រុង​ភ្នំពេញ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរិះរកដំណោះស្រាយ បង្ក្រាបការ​ជួញដូរ និងប្រើប្រាស់គ្រឿងញៀនឱ្យខាងតែបាន នៅសាលារាជធានីភ្នំពេញ កាលថ្ងៃទី ២០ កញ្ញា។

ឯកឧត្ដមបានបន្តថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាធំ ដូច្នេះសង្កាត់ និងខណ្ឌទាំង១២ ត្រូវធ្វើការចុះត្រួតពិនិត្យនៅតំបន់ស្មុគស្មាញ និងតំបន់ដែលមិនធ្លាប់ចុះទៅដល់ ហើយបើចូលមិនចុះត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ជាទិសដៅខាងមុខនេះក្នុងនាម គណៈបញ្ជា​ការឯក​​ភាពរាជធានីភ្នំពេញ នឹងបើកវេទិកាសាធារណៈ ជាមួយខណ្ឌទាំង១២ ដើម្បី​បម្រើ​ប្រជាពលរដ្ឋឱ្យចំគោលដៅដែលប្រជាពលរដ្ឋចង់បាន ពេលនេះ គឺពេលដែលត្រូវ បម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពហើយ៕

សាវតា