លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឧបត្ថម្ភថវិកា២០លានរៀល ឬស្មើនឹង៥ពាន់ដុល្លារ ដល់ក្រុមយុវជនសំរាមបឹងត្របែក សាន់ ដារ៉ាវីដ ដើម្បីរួមចំណែកថែរក្សា លើកកម្ពស់សោភណភាព និងកាត់បន្ថយ​ផលប៉ះពាល់បរិស្ថាន នៅរាជធានីភ្នំពេញ។ នេះបើតាមទំព័រហ្វេសប៊ុកព័ត៌មានផ្លូវការរបស់លោកឧកញា៉ គួច ម៉េងលី។

លោកឧកញ៉ា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏បានផ្តល់ការព្យាបាល ដោយឥតគិតថ្លៃផងដែរ ដល់ក្រុមការងារ យុវជនសំរាម ដែលត្រូវការមកព្យាបាលជំងឺបឋម នៅមជ្ឈមណ្ឌលសុខភាពសិស្សរបស់ក្រុមហ៊ុន។

តាមការគ្រោងទុក លោកឧកញ៉ា វេជ្ជបណ្ឌិត ក៏កំពុងឱ្យក្រុមការងារសិក្សាផងដែរ ទៅលើសុខភាពកុមារ ដែលរស់នៅអមសងខាងប្រឡាយទឹកស្អុយបឹងត្របែក ដើម្បីផ្តល់លទ្ធភាពឱ្យពួកគេអាចមកពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលសុខភាពសិស្ស របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន៕