អណ្តើកហ្លួង ឬអណ្តើកសរសៃ គឺជាអណ្តើកមួយ ក្នុងចំណោមអណ្តើកចំនួន២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងបំផុត (Critically Endangered) នៅលើសកលលោក និងត្រូវបានចាត់ជាប្រភេទសត្វដែលរងការគំរាមកំហែងប្រឈមនឹងការផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ នេះបើតាមការអោយដឹងពីលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល។

លោក អ៊ុក វិបុល បានបន្តថា អណ្តើកហ្លួង គឺមានវត្តមានតែក្នុងប្រទេសកម្ពុជា ឥណ្ឌូ​​នេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម ហើយចំនួនរបស់ពួកវានៅលើសកលលោក មានប្រមាណតែ ៥០០ ទៅ ៧០០ក្បាល ប៉ុណ្ណោះ។ ដោយឡែកនៅប្រទេសកម្ពុជា​យើងវិញ គឺមានចំនួនប្រហែល៤៥០ក្បាល។

អណ្តើកហ្លួងធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ ទើបរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសិក្សាស្រាវ​ជ្រាវរួមគ្នា ហើយបានរកឃើញសំបុកសត្វអណ្តើកប្រភេទនេះ នៅមានវត្តមាននៅ​ឡើយតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង ប៉ុន្តែមានចំនួនតិចតួចបំផុត។ ហើយនៅឆ្នាំដដែល អង្គការសមាគមអភិរក្សសត្វព្រៃ ក៏បានបង្កើតគម្រោង​អភិរក្ស​​សត្វអណ្តើកនេះឡើង។

នៅក្នុងឆ្នាំ២០០២ រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS Cambodia) បានរៀបចំគម្រោងការពារសំបុក ដោយមានការចូលរួមពីប្រ​ជា​​សហគមន៍នៅក្នុងស្រុកស្រែអំបិល តាមរយៈការជ្រើសរើសយកអតីតអ្នកប្រមូលពង និងកូនសត្វអណ្តើកហ្លួង ឲ្យធ្វើការជាបុគ្គលិកគម្រោងដើម្បីស្វែងរក និងការពារសំបុក​​សត្វអណ្តើកហ្លួង ជំនួសឱ្យការប្រមូលយកពង ឬកូនទៅលក់វិញ។

អណ្តើកហ្លួង ឬអណ្តើកសរសៃ ត្រូវបានចាត់ទុកជាប្រភេទសត្វល្មូន តំណាងព្រះរាជា​ណាចក្រកម្ពុជា តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ហើយអណ្តើក​ហ្លួងមានចំនុចខុសពីអណ្តើកដ៏ទៃទៀត ត្រង់ថាអណ្តើកហ្លួង​អាចរស់នៅក្នុងទឹកសាបក៏​​បាន ទឹកប្រៃក៏បាន ហើយចំនុចខុសគ្នា១ទៀតគឺ អណ្តើកហ្លួងមានម្រាមតែ៤ប៉ុណ្ណោះ ខណៈដែលអណ្តើកប្រភេទផ្សេងៗទៀត មានម្រាម៥។

សូមបញ្ជាក់ថា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ គឺជាទិវាអណ្តើកពិភពលោក។ ទិវានេះត្រូវបាន​រៀបចំធ្វើជារៀងរាល់ឆ្នាំ  គឺដើម្បីទាញចំណាប់អារម្មណ៍ ក៏ដូចជាជំរុញ​ប្រជាជនទូទាំងពិភពលោក ឱ្យចូលរួមទាំងអស់គ្នាក្នុងការងារអភិរក្ស ដើម្បីសង្គ្រោះ​សត្វអណ្តើកឱ្យបានរស់នៅ និងលូតលាស់នៅក្នុងធម្មជាតិ៕