ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុប និងអង្គការ WCS បានប្រារព្ធ ពិធីលែងអណ្តើកហ្លួងចំនួន២០ក្បាល ទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជល នៅថ្ងៃទី ២៧ ខែមេសា។

ពិធីនេះលែងអណ្តើកនេះ មានការចូលរួមពីលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក Goerge Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងប្រធានអង្គការ WCS ព្រមទាំងតំណាងរដ្ឋបាលខេត្តព្រះសីហនុ កោះកុងផងដែរ។

​តាម​ការប៉ាន់ស្មាន​របស់លោក អេង ជាសាន អណ្តើក​ហ្លួង ដែល​កំពុងតែ​រស់នៅក្នុង​ព្រែក​ធម្មជាតិ សព្វថ្ងៃ នៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ មាន​ចន្លោះ​ចាប់ពី ៧០ ទៅ ៨០​ក្បាល​តែប៉ុណ្ណោះ​។ លោក​ថា សត្វអណ្តើកហ្លួង វា​ជា​ប្រភេទ​សត្វ​ដែលស្ថិតនៅក្នុង​បញ្ជី​ក្រហម នៃ​សត្វ​ជិត​ផុត​ពូជ​នៅក្នុង​ពិភពលោក​ទៀតផង។