
អង្គការ Agrisud ចែកដើមឈើហូបផ្លែចម្រុះជាង១០០០ដើម ជូនដល់កសិករចំនួន២២គ្រួសារ នៅឃុំត្បែង ក្នុងស្រុកបន្ទាយស្រី ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក និងធានាបាននូវសន្តិសុខស្បៀងអាហារនៅក្នុងគ្រួសារនីមួយៗ។
ចូលរួមជាមួយអង្គការ Agrisud ចែកដើមឈើហូបផ្លែចម្រុះជាង១០០០ដើម ជូនដល់កសិករចំនួន២២គ្រួសារ មកពីឃុំត្បែង ក្នុងស្រុកបន្ទាយស្រី។ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការដាំបន្លែ ដើមឈើហូបផ្លែ និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ គឺជាអាទិភាពសំខាន់ដែលរដ្ឋបាលស្រុក កំពុងជម្រុញអោយមានការផុសផុលនៅតាមបណ្តាភូមិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក និងធានាបាននូវសន្តិសុខស្បៀងអាហារនៅក្នុងគ្រួសារនីមួយៗ ជាពិសេសនៅក្នុងកាលៈទេសៈដែលមានហានិភ័យនៃផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចដោយសារជម្ងឺកូវីដ១៩។

លោកបន្តថា ការជម្រុញឱ្យមានសកម្មភាពផុសផុលលើវិស័យកសិកម្មនៅក្នុងស្រុកនេះ គឺដើម្បីនាំចេញនៅនឹងកន្លែង ផ្គត់ផ្គង់ភ្ញៀវទេសចរដែលមកទស្សនាក្នុងខេត្តសៀមរាប ព្រោះបច្ចុប្បន្ន សាច់ និងបន្លែផ្លែឈើ ដែលផ្គត់ផ្គង់នៅលើទីផ្សារខេត្តសៀមរាប អាចត្រូវបាននាំចូលរហូតដល់ទៅ៨០%ឯណោះ។
លោកថា៖«ដោយហេតុតែបន្ទាយស្រីមានទីតាំងភូមិសាស្ត្រ នៅជាប់នឹងក្រុងសៀមរាប ខ្ញុំពិតជាចង់ឃើញអ្នកបន្ទាយស្រី ងាកមកចាប់យកការដាំបន្លែផ្លែឈើ ព្រមទាំងការចិញ្ចឹមសត្វ ដែលបំពេញតម្រូវការរបស់ភ្ញៀវទេសចរអោយបានកាន់តែច្រើន ព្រោះវាស្ថិតនៅកៀកនឹងខ្លួនយើងស្រេច ជាជាងពឹងផ្អែកទៅកសិផលដែលតម្រូវអោយធ្វើការនាំចេញទៅតំបន់ឆ្ងាយ ដែលពិបាកនឹងជួយរកទីផ្សារ ហើយមានតម្លៃប្រែប្រួលពិបាកកំណត់មុនបាន»។

ដើមឈើហូបផ្លែដែលផ្តល់ជូនមានដូចជា៖ ក្រូចឆ្មា ក្រូចពោធិសាត់ ក្រូចឆៃវ៉ាន់ ទុរេន សាវម៉ាវ តាង៉ែន ដូងតឿ ខ្នុរការ៉ុត ល្មុត និងម៉ាក់ប្រាងជាដើម។ ដើម្បីទទួលបានដើមឈើទាំងនេះ កសិករទាំងអស់ត្រូវចុះឈ្មោះ និងឆ្លងកាត់វគ្គបង្រៀនពីបច្ចេកទេសដាំនិងការថែទាំរយៈពេល៥ថ្ងៃ។ គ្រួសារនីមួយៗនឹងត្រូវបានផ្តល់ជូនពូជកូនឈើហូបផ្លែដោយឥតគិតថ្លៃ ដោយយោងទៅតាមការចង់បានរបស់ពួកគាត់ផង កត្តាអំណោយភូមិសាស្ត្រផង និងដំណាំជាយុទ្ធសាស្ត្រសម្រាប់ទីផ្សារផង។ ក្រុមការងារក៏នឹងបន្តតាមដានលទ្ធផលបន្ថែមទៀតបន្ទាប់ពីបានយកទៅដាំរួចផងដែរ៕